ខ្ញុំស្រលាញ់ស្រីមាត់ដាច Trackback
ផ្សាយក្នុងផ្នែក ខ្ញុំស្រលាញ់ស្រីមាត់ដាច ដោយ sar.sokunthy កាលពី 54 days ago 15 Comments
…………ស្នូរស្បែកជើងរត់យ៉ាងលឿនធ្វើឱ្យសិស្សនៅក្នុងថ្នាក់រៀនទាំងអស់ដែលកំពុងតែស្ដាប់គ្រូពន្យល់ងាករកសំឡេងនោះទាំងអស់គ្នាដោយទឹកមុខចង់ដឹង…………
ទ្វារបន្ទប់រៀនរបើកឡើងជាមួយរូបរាងតូចច្រឡឹងរបស់ក្មេងស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ ដែលស្លៀកសំពត់ភ្លីសេខ្លីត្រឹមជង្គង់ ទីនុយជាមួយអាវដៃខ្លីនិងស្បែកជើងប៉ាតាពណ៌ផ្ទៃមេឃស៊ីគ្នា ដោយចងលើកសក់ទាំងអស់ឡើងទុកតែដឺមីខាងមុខ ជាឯកសណ្ឋានរបស់និស្សិតសាកលវិទ្យាល័យន័រតុន។ ក្មេងស្រីតូចច្រឡឹងជាមួយនឹងភាពហត់គឃូសដោយសារការមករៀនយឺត ដែលជាក្មេងស្រីឆ្លាតមានចរិតឆេវឆាវ យល់តែចិត្តខ្លួនឯង តែចំណុចសំខាន់ដែលធ្វើឱ្យគ្រប់គ្នាស្គាល់នាង គឺភាពឆ្លាតវៃនិងមានទំនុកចិត្តខ្ពស់លើខ្លួនឯង។
នាងដើរចូលថ្នាក់រៀនក្រោមការសម្លឹងមើលពីភ្នែករាប់គូ ប៉ុន្តែមិនបានធ្វើឱ្យនាងរអៀសខ្លួនស្មើនឹងក្រសែភ្នែកពិឃាដរបស់គ្រូបង្រៀនដែលសម្លឹងមកនោះទេ។
«តូតាឯងមកយឺតទៀតហើយ ហេតុអីបានចេះតែមករៀនយឺតរាល់ដងអ៊ីចឹងអ្ហាស?»
«អត់ទោសលោកគ្រូ ដោយសារតែខ្ញុំចូលចិត្តមុខវិជ្ជាដែលលោកគ្រូបង្រៀនបានជាខ្ញុំមកយឺត!»
គ្រប់គ្នាក្នុងថ្នាក់សើចយ៉ាងខ្លាំងនូវចម្លើយដ៏កំប្លែងរបស់នាង។
«ស្អីគេ? ចូលចិត្តមុខវិជ្ជាគ្រូបង្រៀន តែបែរជាមករៀនយឺតអ៊ីចឹង?»
«លោកគ្រូ! ខ្ញុំមករៀនយឺតដោយសារយប់មិញ ខ្ញុំខំមើលមេរៀនរបស់លោកគ្រូដល់យប់ជ្រៅពេក ទើបគេងជ្រុលមករៀនមិនទាន់យ៉ាងនេះ!!»
តូតាក្មេងស្រីកំពូលល្បិច កុហកដោយទឹកមុខស្រពោន ក្រោមស្នាមញញឹមរបស់សិស្សគ្រប់គ្នាដែលដឹងល្បិច ជាពិសេសមិត្តសម្លាញ់ទាំងពីររបស់គេ។
គ្រូឮបែបនេះមិនដេញដោលច្រើន ក៏អនុញ្ញាតឱ្យក្មេងច្រឡឺមតូតាចូលអង្គុយ។ មិនមែនគាត់មិនដឹងថាជាការដោះសាទេ ប៉ុន្តែដោយសារភាពគួរឱ្យស្រលាញ់ និងភាពវ័យឆ្លាតរហ័សរហួនរបស់នាង ទើបគ្រូមិនដាច់ចិត្តចំពោះនាង។ ពេលនាងចូលអង្គុយជិតមិត្តសម្លាញ់ទាំងពីរ រីយ៉ាកំពូលសិស្សយឺតប្រចាំថ្នាក់ មករៀនមិនដែលទាន់ម៉ោង គ្រូចូលរៀនម៉ោង៧ នាងចូលរៀនម៉ោង៨។ នាងមាត់ដាចសម្ដីអាក្រក់មិនចាញ់តូតា និងឌីណាកំពូលនារីស្ងប់ស្ងាត់ដល់ថ្នាក់ដល់ម៉ោងចេញទៅផ្ទះ ក៏គ្មាននរណាដឹងថានាងមករៀនដែរ។ គ្រាន់តែអង្គុយចុះភ្លាម រីយ៉ាស្វាគមន៍ដោយពាក្យសម្ដីឌឺដង៖
«មកយឺតដោយសារមើលមេរៀនដល់យប់ជ្រៅ អីក៏ឧស្សាហ៍ម្ល៉េះនាង តូតា!?»
«ហើយម៉េច? យូរៗយឺតម្ដង ឯងខ្លាចយើងដណ្ដើមតំណែងម្ចាស់ក្សត្រីយឺតរបស់ឯងអ្ហី?»
«នែ!!! ម៉េចចាំបាច់ដៀមដាមហានាងស្វិត?» ដោយសារតូតាមានរាងស្វែលចូលចិត្តញ៉ាំច្រើន តែមិនធាត់ ទើបត្រូវទទួលបានរហស្សនាមនេះ។
«យ៉ាងម៉េច? អ្នកណារករឿងមុនអ្ហាស?»
«នែ!!! ពួកឯងនៅនិយាយគ្នាយូរទៀតទេ? យើងស្ដាប់គ្រូពន្យល់មេរៀនណា?» ឌីណាដែលទ្រាំស្ដាប់ការប្រកែកគ្នាអស់ជាយូរក៏និយាយឡើង។
«អ្ហូ!!!!! នាងឌីណា!!!! ខ្ពើមចរិតណាស់!!!» ទាំងតូតានិងរីយ៉ាឧទានព្រមគ្នា។
«យ៉ាងម៉េចក៏គ្រាន់បើជាងឯងដែរតូតា មករៀនមិនដែលមានសៀវភៅទេ អាងតែខ្លួនឯងពូកែទើបខ្ជិលកែមិនឡើងអ៊ីចឹង!» ឮបែបនេះ រីយ៉ាបានចិត្តក៏សើចចំអក ហើយឌឺថែម៖
«ម៉េច? អន់ចង់ ហាហាហា…»
«ឯងក៏អ៊ីចឹងដែរ! យកសៀវភៅមកមិនដែលកត់មេរៀនទេ បានណាស់អាខាងយកស្ទីលសិស្សល្អស្ពាយសៀវភៅតាមហ្នឹង!!» ឌីណាបន្ថែមឱ្យរីយ៉ាវិញ។
តូតាបានឱកាសក៏ស៊កឱ្យវិញ៖
«ម៉េចដែរ? រំជួលចិត្តណាស់ ហាហាហា….»
ក្រោយមកពួកគេក៏ស្ងាត់ មិនមែនខ្លាចឌីណាទេ តែទុកពេលឱ្យនាងចំលងមេរៀនទុកសម្រាប់មើលពេលប្រលង ហើយតូតាក៏អង្គុយស្ដាប់គ្រូពន្យល់ផងឆ្លៀតឆាឆៅរីយ៉ាដែលលួចលេងហ្គេមក្នុងថ្នាក់បណ្ដើរ។
……………………..
កណ្ដឹងរោទ៍បញ្ចប់ម៉ោងទីមួយក្រោមសំឡេងស្រែកហ៊ោរបស់សិស្សគ្រប់គ្នា ព្រោះភាគច្រើនសិស្សមករៀនម៉ោងទីមួយមិនសូវទាន់ ដូច្នេះអាហារពេលព្រឹកក៏មិនទាន់ញ៉ាំដូចគ្នា។ ត្រឹមតែ៥នាទីប៉ុណ្ណោះ កងទីនរបស់សាលាក៏ពេញប្រៀបដោយនិស្សិតន័រតុន។ នៅខាងនោះវិញ នារីទាំងបីដើរបណ្ដើរ រត់បណ្ដើរដោយប្រលែងគ្នា ធ្វើឱ្យតូតាដែលខំរត់គេចពីការដេញវាយរបស់រីយ៉ាមិនប្រយ័ត្នក៏រត់ទៅប៉ះមនុស្សប្រុសខ្ពស់ស សង្ហា សក់បះស្ទីលកូរ៉េម្នាក់។
ភ្លាមៗនោះ ទាំងរីយ៉ា ទាំងតូតា និងឌីណាស្រលាំងកាំង ហើយតូតាវិញមិនដឹងថាគួរធ្វើយ៉ាងណា ចង់ឱ្យសុំទោសក៏មិនអាច ព្រោះពាក្យនេះកម្រនឹងចេញពីមាត់នាងណាស់ បើទោះបីជានាងជាអ្នកខុសក៏មិនខ្វល់។ ដោយសារចរិតចចេសរបស់នាង ទើបនាងដោះស្រាយបញ្ហាដោយសម្ដីម៉ាបេនធ្វើឱ្យឌីណាស្ទើរតែផ្កាប់មុខ ពេលឮនាងឆ្លើយយករួចខ្លួន៖
«មិត្តភ័ក្ដិខ្ញុំជាអ្នករុញ ខ្ញុំមិនដឹងរឿងទេ ចង់រករឿងក៏ទៅរកម្នាក់នោះទៅ!!»
និយាយហើយ នាងក៏ចង្អុលទៅរីយ៉ា។ ចំណែករីយ៉ាគិតតែសម្លឹងមើលភាពសង្ហារបស់ប្រុសម្នាក់នោះ ក៏មិនបានចាប់ភ្លឹកនឹងសម្ដីរបស់នាងច្រមក់នេះ។
«មិនចេះសុំទោសទេឬយ៉ាងម៉េច?» បុរសស្ទីលកូរ៉េក៏និយាយមកក្រោមឫកពាជាប្រុសស្អាត សម្ដីចាក់ទឹកមិនលេចដូចគ្នា។ ឮភ្លាម តូតានារីមាត់រឹងក៏ជះសម្ដីប្រាវទៅវិញដោយមិនខ្វល់ថាខ្លួនឯងជាអ្នកខុស៖
«រឿងអីត្រូវសុំទោស? ខ្ញុំមិនបានខុស! យើងវិញទេគួរជាអ្នកសុំទោសខ្ញុំ ដែលដើរមិនចេះមើល សួរតាមត្រង់មានភ្នែកបើកមើលផ្លូវទេហាស?»
ឮបែបនេះ ឌីណាមិត្តកំពូលសុភាពក៏ខ្សឹបដាក់ដើម្បីជាការដាស់តឿនមុននឹងមានរឿងធំ៖
«នែ! ឡប់ទេអ្ហី? យើងអ្នកខុសណា?»
រីយ៉ាក៏បន្ថែម៖
«នែ! ញ៉ែយកឱ្យបានមកអ្ហា! សង្ហាដល់ហើយនៀក! សួរមើលលេខទូរសព្ទប៉ុន្មានដែរ?» នាងឆ្លៀតនិយាយលេងទាំងឌីណាភ័យបុកពោះមិនបាត់។ បុរសនោះក៏ស្រលាំងកាំងនឹងភាពមិនទទួលខុសត្រូវរបស់នាង។ ដែលសំខាន់មនុស្សស្រីដែលបានជួបគេគឺមានតែខំយកចិត្ត ចំណែកនាងតូចម្នាក់នេះបែរជាមិនខ្វល់ពីខ្លួន ហើយសម្ដីគ្មានជំពាក់នរណាម៉ារៀលបែបនេះ ត្រូវតែប្រដៅចេញម្ដងហើយ។ គិតរួចក៏តបវិញ៖
«រត់មកបុកគេហើយមិនសុំទោស មកថាគេអ្នកខុសទៀត? ឬលង់នឹងភាពសង្ហារបស់មនុស្សប្រុសកាលីប ហាយសូដូចជាខ្ញុំអ្ហាស បានខំទាក់ទាញចំណាប់អារម្មណ៍បែបនេះ?»
«ស្អីគេ? លង់ស្នេហ៍ប្រុសដូចលោកហ្នឹង? សុខចិត្តបួសធ្វើដូនជីក៏មិនយកដែរ! ហើយម៉េច? បើខ្ញុំមិនសុំទោស ចង់ធ្វើអីខ្ញុំ? ហក់មកខាំមែន? អូ!! បើចង់ញ៉ែ សុំលេខទូរសព្ទ ចាំពេលក្រោយទៅ ឥលូវ ឃ្លានណាស់ អារម្មណ៍មិនល្អ ជៀសផ្លូវ!!!»
និយាយរួច នាងក៏ចាប់ដៃមិត្តទាំងពីរដើរយ៉ាងលឿនទៅញ៉ាំបាយ ក្រោមការហាមាត់ហួសចិត្តនឹងការយករួចខ្លួនរបស់នាងតូចនេះ។ គេក៏ពោលតិចៗតែម្នាក់ឯង
«មិនអន់ទេនាងតូចតូតា តែស្ដាយមកប៉ះកំលោះសង្ហាអ៊ីណូ ចាំមើលនឹងដឹងគ្នាមិនខាន»…
……………………..
ថ្ងៃអាទិត្យ កញ្ញាទាំងបីបានណាត់គ្នាទៅញ៉ាំអីនៅប៊ីប៊ីវើល ដែលជាចំណុចកណ្ដាលនៃផ្ទះរបស់ពួកគេ។ អ្វីដែលគួរឱ្យចម្លែក គឺរីយ៉ាកំពូលអ្នកទៅរៀនយឺត តែពេលណាត់គ្នាដើរលេង បែរជាមកដល់មុនគេ។ ឯតូតាទម្លាប់កុហកថាទៅដល់ ហើយតឿនឱ្យគ្រប់គ្នាមកឱ្យលឿនទាំងដែលការពិតនៅគេងថ្ងៃមិនទាន់ក្រោកនៅឡើយ។ ចំណែកឌីណាស្រីមិនមាត់មិនក តែឱ្យតែចេញពីផ្ទះគឺជិះម៉ូតូបណ្ដើរនិយាយទូរសព្ទជាមួយសង្សារបណ្ដើរ មិនគិតពីគ្រោះថ្នាក់។
ទម្លាប់រាល់ដង បើណាត់គ្នាម៉ោង២ ទាល់តែម៉ោង៣ទើបបានជួបជុំគ្នា។ ដូចសព្វដង រីយ៉ាកំពុងរង់ចាំមិត្តទាំងពីរ លេងហ្វេសប៊ុកបណ្ដើរ ផឹកកូកាបណ្ដើរ។ ឌីណាមកដល់បន្ទាប់ ចំណែកតូតាទើបតែរៀបចំខ្លួន តុបតែងខ្លួនតាមស្ទីលរបស់នាង ដោយផាត់មុខស្ដើងៗជាមួយក្រែមពណ៌ស៊ីជម្ពូ និងទម្លាក់សក់ទាំងអស់សមឥតខ្ចោះ។ នាងចេញពីផ្ទះ ត្រចៀកពាក់កាសចំរៀងស្ដាប់ពេលធ្វើដំណើរតាមផ្លូវជាមួយអារម្មណ៍ដ៏ស្រស់ថ្លានាថ្ងៃអាទិត្យ។
មកដល់ប៊ីប៊ីវើលភ្លាម នាងកុម្ម៉ង់កូកាមួយកែវយកទៅញ៉ាំជុំគ្នាជាមួយសម្លាញ់ទាំងពីរ ដែលចាំនៅខាងលើ។ ពេលទទួលបានកូកា ហើយត្រូវគិតលុយ តូតាធ្វើស្លាំង ព្រោះពេលនាងរាវរកកាបូបលុយ តែមិនឃើញដោយសារតែភ្លេចនៅផ្ទះ។ តូតាគ្មានលុយឱ្យថ្លៃកូកាមួយកែវនេះទេ តែមានបុរសម្នាក់មកចេញលុយជំនួស។ ប្រុសស្អាតម្នាក់នោះគ្មានអ្នកណាក្រៅពីអ៊ីណូ កំលោះសង្ហាដែលទើបតែស្វាគមន៍គ្នាដោយពាក្យសម្ដីដ៏គ្រោតគ្រាតកាលពីថ្ងៃមុន។
«គិតលុយរបស់កញ្ញាម្នាក់នេះជាមួយរបស់ខ្ញុំទៅ!» និយាយទៅកាន់បុគ្គលិករួច គេក៏ងាកមកវាយចិញ្ចើមដាក់ ហើយនិយាយឌឺដាក់ស្រីតូចតូតា៖
«ចាត់ទុកថាជាការសុំទោសដែលថ្ងៃមុននាងរត់មិនមើលមកបុកខ្ញុំទៅចុះ!!»
តូតាខ្មាសបុគ្គលិកដែលមុននេះនាងមិនបានមើលសូម្បីតែមុខ ហើយមកត្រូវរងការចំអករបស់សត្រូវចាស់ផង នាងខឹងស្ទើរស្រក់ឈាម។ ប៉ុន្តែគ្មានជម្រើសទេ នាងត្រូវតែទទួលការជួយមួយនេះទោះបីជាមិនពេញចិត្ត ។
«អូខេ! ខ្ញុំជាមនុស្សស្រីមិនត្រឹមតែស្អាតមួយមុខនោះទេ តែក៏ជាមនុស្សចិត្តទូលាយដូចពាក្យចាស់ថាអ្នកធំមិនប្រកាន់អ្នកតូច! ឃើញលោកសុំទោសដោយសុទ្ធចិត្ត ខ្ញុំលើកទោសឱ្យ!!» និយាយរួច នាងក៏កញ្ឆក់កូកា រួចដើរយ៉ាងលឿនទៅជួបមិត្តភ័ក្ដិដែលអង្គុយចាំនៅខាងលើ។ អ៊ីណូឃើញបែបនេះ ហួសចិត្តនឹងកាយវិការ ពាក្យសម្ដីរបស់នាង គ្មានសូម្បីពាក្យអរគុណ គេបែរជាពេញចិត្តចំពោះអាកប្បកិរិយាបែបនេះ កាន់តែគិតកាន់តែពេញចិត្ត។ មនុស្សស្រីអីគ្មានភាពទន់ភ្លន់ តែគួរឱ្យស្រលាញ់អីយ៉ាងនេះ គិតរួចក៏ដើរឡើងទៅលើដែរ ដោយសារមានណាត់មិត្តភ័ក្ដិដូចគ្នា។
ពេលឡើងទៅដល់ជាន់ខាងលើ គេឃើញកញ្ញាទាំងបីកំពុងនិយាយគ្នាសើចក្អាកក្អាយ។ ឃើញបែបនេះ គេពេញចិត្តកាន់តែខ្លាំង ចំណែកមិត្តភ័ក្ដិដែលអង្គុយជាមួយ ឆ្ងល់ក៏មើលតាម ទើបយល់ពីមូលហេតុដែលធ្វើឱ្យសម្លាញ់អ៊ីណូសប្បាយប្លែកពីធម្មតាដូចនេះ៖
«អ៊ីណូ! ឯងកុំប្រាប់យើងឱ្យសោះថា ឯងលង់ស្នេហ៍ស្រីៗអស់ហ្នឹងណា? គ្មានឃើញទាក់ភ្នែកអីតិចសោះ!» សិទ្ធិនិយាយដោយមិនទាន់ដកភ្នែកចេញពីស្រីៗទាំងនោះនៅឡើយ។
ឮបែបនេះ អ៊ីណូក៏ប្រញាប់ឆ្លើយបដិសេធភ្លាមៗ៖
«គ្មានផ្លូវទេ!!! ខ្ញុំមិនចេះស្រលាញ់អ្នកណាទេ!» គេនិយាយបែបនេះមែន តែនៅតែញញឹម និងសម្លឹងមើលមិនដាក់ភ្នែក។
ដោយឃើញសិទ្ធិនៅតែមើលមកខ្លួន គេក៏ប្រញាប់និយាយបន្លប់៖
«ហើយចុះអាកំលោះសុភាពរាបសានោះនៅមិនទាន់មកដល់ទៀតអ្ហី?»
«នៅទេ! បើមកដល់ក៏ឃើញទាំងអស់គ្នាហ្នឹងហើយ! ចេះសួរអ៊ីចឹងកើត!» សិទ្ធិឆ្លើយធ្វើហី រួចក៏ញ៉ាំដំឡូងចៀនធ្វើមិនដឹង។
«ហើយម៉េចក៏វាយូរម្ល៉េះថ្ងៃហ្នឹងហាស?»
«ឯងសួរយើងមែន?»
«អឺ! ក្រៅពីឯង ឱ្យយើងសួរអ្នកណាហាសអាសិទ្ធិ?»
«យើងម៉េចដឹង បើយើងមិនមែនអានីឃផង!!» សិទ្ធិឆ្លើយឌឺតាមក្នុងរឿងកំប្លែង ធ្វើឱ្យអ៊ីណូតបមិនចេញបានត្រឹមតែហួសចិត្ត។ ចំណែកឯស្រីៗទាំងបីវិញ កាលបើឃើញអ៊ីណូកំលោះសង្ហាឡើងមកក៏ខ្សឹបខ្សៀវគ្នាសើចយ៉ាងរីករាយ។
……………………..
រីយ៉ាចាប់ផ្ដើមបើកកិច្ចសន្ទនាដោយលួចមើលមកខាងប្រុសយូរៗម្ដង។
«តែងខ្លួនសំបើមម៉េះនាង? អ៊ីចឹងបានមកយឺតរាល់ដង!!»
«ចេញមកក្រៅមករកប្រុសតែងខ្លួនតិចតួចមានអីអស្ចារ្យ!»
«អីយ៉ា! សម្ដីបានម្ល៉េះនាងឥឡូវ!»
«ធម្មតាៗទេ! ដើរជាមួយគ្នាយូរត្រូវតែចេះអ៊ីចឹងហើយ!»
ដោយសារពួកគេចូលចិត្តនិយាយលេងបែបនេះជាមួយគ្នាញឹកញាប់ ទើបវាក្លាយជាពាក្យលេងសើចរបស់ពួកគេទៅហើយ។ និយាយរួច តូតាអង្គុយលេងហ្គេមនិងហ្វេសប៊ុក ស្រាប់តែរីយ៉ាហៅនាង៖
«នែតូតា ឯងមើលនុះហ្ន៎! ម្នាក់ដែលឯងរត់បុកថ្ងៃមុននៅសាលា! គេសង្ហាដល់ហើយពេលស្លៀកពាក់កាលីបចឹង!» និយាយរួច ឌីណាក៏ងាកមើលតាម ហើយនិយាយឱ្យរីយ៉ាវិញថា៖
«ឃើញប្រុសមិនបានមែនអ្ហា!!»
«បើឃើញបាន ឃើញបាន មិនដឹងមានសង្សារប្រុសស្អាតប៉ុន្មាននាក់ហើយទេយើង!!» រីយ៉ាតបហើយសើចវិញធ្វើមិនដឹង។
ឌីណាហួសចិត្តគ្រវីក្បាល ហើយក៏ងាកទៅលេងហ្គេម និងនិយាយទូរសព្ទជាមួយសង្សារនាងបន្តដោយមិនខ្វល់ពីរីយ៉ា។ ឃើញបែបនេះ រីយ៉ាក៏បន្ថែម៖
«តាមអី ឯងមានសង្សាររួចហើយទើបមិនខ្វល់ យើងបន់ឱ្យតែបែកគ្នាឆាប់ឆាប់ទេអ្ហា សាធុ! សាធុ! ហើយបើបានបែកដូចមាត់មែន យើងជប់លៀងឆ្លងឱ្យ ហាហា!!»
តូតាមិនខ្វល់ពីពួកគេ គិតតែអង្គុយលេងហ្វេសប៊ុក និងញ៉ាំអីធ្វើមិនដឹង។ រីយ៉ាសួរ៖
«នែ! ឯងមិនមើលប្រុសស្អាតខ្លះទេអ្ហី?»
«មានអីត្រូវមើល? មនុស្សដូចតាគេឯងដែរសោះ!» នាងឆ្លើយ ហើយមើលមុខរីយ៉ា។
«ត្រឹមត្រូវណាស់ នាងត្រឹមត្រូវ ចឹងបានគ្មានសង្សារនឹងគេ!!»
«ចុះឯងមានអ្ហ៎? អត់ដូចគ្នាសោះ ធ្វើឯងអីណា! ជ្រេញឫកណាស់!!!» រីយ៉ាមិនខ្វល់នឹងសម្ដីតូតា ដោយសារភ្នែកកំពុងសម្លឹងទៅតុកំលោះនោះ ហើយឧទានឡើង៖
«វ៉ាវ! ម្នាក់ទើបតែមកនោះក៏សង្ហាមិនចាញ់គ្នាដែរ មើលហ្ន៎!»
ឮហើយ តូតាងាកតាម ក៏ឃើញថាម្នាក់នេះសង្ហាមែន។
នីឃកំលោះសង្ហាស្រគត់ស្រគំងាកមកផ្ទួនគ្នានឹងតូតា រួចក៏ញញឹមដាក់ជាការគួរសម។ ឃើញបែបនេះ នាងតូចក្មេងឌឺងាកមុខចេញដោយមិនចង់ឱ្យគេថា ជាការឱ្យដៃ ឱ្យភ្នែក គួបផ្សំនឹងចរិតអឿស្រាប់ផង។
«នែ! ម៉េចក៏យូរម៉េសនីឃ?» សិទ្ធិសួរភ្លាមពេលនីឃអង្គុយចុះ។
«ជាប់រវល់តិចតួចហ្នឹងណា ហើយគិតថាទៅណាថ្ងៃហ្នឹងហាអ៊ីណូ?» ឆ្លើយជាមួយសិទ្ធិរួច គេក៏ងាកទៅសួរអ៊ីណូដែលកំពុងឆាតជាមួយស្រីៗសិចស៊ីក្នុងឡាញ។
«មិនទាន់ដឹងទេ ចាំមើលសិន!» អ៊ីណូសើច រួចនិយាយបន្ត៖
«នាងនេះចិត្តងាយមែនទែន ស្រីៗយ៉ាប់ណាស់ឥឡូវ!!» បើទោះបីអ៊ីណូមិនដែលស្រលាញ់អ្នកណា ក៏មិនមែនមានន័យថា គេគ្មានចំណាប់អារម្មណ៍នឹងស្រីស្អាតនោះដែរ។
«នែ!! គ្នាទៅបន្ទប់ទឹកបន្តិច ផឹកកូកាច្រើនពេកឈឺនោមណាស់!» និយាយរួច រីយ៉ាក៏ដើរចេញស្របពេលដែលសិទ្ធិដើរចេញក្រៅដើម្បីទៅបន្ទប់ទឹកដូចគ្នា។ ដោយសារសិទ្ធិគិតតែលេងទូរសព្ទទើបធ្វើឱ្យពួកគេទាំងពីរប៉ះគ្នា របូតទូរសព្ទធ្លាក់ពីដៃ។
«ចប់!!! ចប់ហើយទូរសព្ទខ្ញុំទើបតែទិញផង!» គេស្រែកយ៉ាងខ្លាំង ព្រោះគេស្រលាញ់ទូរសព្ទអាយហ្វូនរបស់គេណាស់។ ថាហើយក៏ងាកមុខមករករីយ៉ាដែលកំពុងតែភ័យផង ទើបបន្តទៀត៖
«តាមពិតទៅ ខ្ញុំមិនចង់មានរឿងជាមួយមនុស្សស្រីទេ តែឥឡូវគិតម៉េច?»
រីយ៉ាប្រញាប់ឆ្លើយភ្លាម៖
«សុំទោសគ្មានចេតនាទេ តែលោកក៏គួរតែដើរមើលផ្លូវខ្លះដែរ… ព្រោះលោកគិតតែលេងហ្គេមចឹងទើបបានមានរឿងនោះ!»
ឮបែបនេះ សិទ្ធិមិនចង់ខឹងក៏ត្រូវតែខឹងដែរ តែនាងជាមនុស្សស្រីមិនដឹងធ្វើយ៉ាងម៉េច នេះបើប្រុសវិញ ច្បាស់ជាត្រូវហើយ គេក៏និយាយឡើង៖
«ចាត់ទុកថាខុសទាំងពីរក៏បាន តែខ្ញុំខូចខាតទូរសព្ទទើបតែទិញទេ យ៉ាងហោចណាស់ក៏គួរចេញថ្លៃជួសជុលឱ្យដែរ!!»
ជានិស្សិតនៅចាយលុយប៉ាម៉ាក់តើ! មានលុយឯណាជាប់ខ្លួនច្រើននោះ… នេះអាយហ្វូនផងកាន់តែគ្មានលុយហើយ នាងក៏អេះអុញ ហើយខ្ចីទូរសព្ទរបស់អ៊ីណូខលសុំជំនួយ៖
«សុំខ្ចីទូរសព្ទខលទៅមិត្តភ័ក្ដិបន្តិចមកណា!» នាងនិយាយដោយមុខស្ងួត ឆ្លៀតឱកាសយកលេខទូរសព្ទទៀត ពិតជាឆ្លាតមែននាងរីយ៉ា នាងគិតក្នុងចិត្តហើយក៏ញញឹម។
ចំណែកអ៊ីណូគិតថាឱកាសល្អ ព្រោះនាងប្រាកដជាខលទៅនាងតូចនោះមិនខាន កំពុងតែគិតថាមិនដឹងយកលេខទូរសព្ទដោយរបៀបណាផង ឥឡូវកាន់តែស្រួលទៀត។ គិតរួច គេក៏ហុចទូរសព្ទឱ្យនាងព្រមទាំងនិយាយទាំងញញឹមថា៖
«អូខេ! បាន ខ្ញុំក៏មិនចង់ឱ្យមានរឿងរវាងនាងនិងមិត្តខ្ញុំដែរ!»
ឮបែបនេះ នាងសប្បាយចិត្ត ហើយចុចលេខរបស់តូតា។
«អាឡូ តូតា?»
«អាឡូ? ពីណាគេ?»
«គឺយើងណា រីយ៉ា!»
«អឺហើយវាថី? ហើយយកលេខពីណាគេខលមកហ្នឹង?»
«កុំទាន់សួរច្រើន កំពុងមានបញ្ហា! មកជួបយើងនៅខាងចុងជ្រុងម្ខាងបន្តិចមក!»
ឮបែបនេះ នាងងាករកទើបឃើញរីយ៉ាឈរបក់ដៃហៅ។ ឃើញហើយក៏ប្រញាប់បិទទូរសព្ទ ហើយប្រាប់ឌីណាឱ្យទៅជាមួយ។ ពេលទៅដល់នាងក៏សួរ៖
«មានរឿងអីមែន?»
នីឃអង្គុយស្ដាប់យូរហើយក៏ងាកមកចង់ដឹងថា នាងដោះស្រាយយ៉ាងម៉េច តែអ៊ីណូវិញបែរជាងាកមុខមក ហើយរាដៃសួស្ដីទាំងញញឹមទៅកាន់នាងធ្វើឱ្យនាងមុខស្អុយ។
«សួស្ដីតូតា ស្រីឆ្នាស!»
នាងមិនខ្វល់ឆ្លើយជាមួយ គិតតែសួរមិត្តភ័ក្ដិ៖
«មានរឿងអីហាស?»
«កុំសួរច្រើន មានជាប់លុយមក២០ដុល្លារទេ? ខ្ចីសិន!!»
«អីគេ? មានតែលុយរាយ៥ដុល្លារហ្នឹង ចុះឌីណាមានអត់?»
«អត់ទេ បងប្រុសគ្នាទើបតែខ្ចីនៅសល់តែ៥ដុល្លារដែរហ្នឹង!» នាងខ្សឹបទៅកាន់តូតាក្រោមទឹកមុខសើចចំអករបស់អ៊ីណូ និងភាពខឹងរបស់សិទ្ធិ។
ជាមួយភាពស្ទាក់ស្ទើររបស់ក្រមុំទាំងបី នីឃតឹងចិត្តជាខ្លាំង។ ម្យ៉ាងដោយមានអ្នកជុំវិញមើលមកច្រើនផង គេក៏និយាយឡើងដើម្បីបញ្ចប់រឿង៖
«ចាំយកពីគ្នាទៅ ឱ្យពួកនាងទៅទៅ… ចេះមកធ្វើបាបស្រីអ៊ីចឹងកើត… មិនចេះខ្មាសគេទេអ្ហី? មើលគេមើលមកគ្រប់គ្នា!»
«ឯងនិយាយមែនអ្ហី អានីឃ?!!!» សិទ្ធិនិងអ៊ីណូសួរព្រមគ្នា រួចក៏ងាកមើលតាម ទើបមានភាពរអៀសខ្លួន។
«អឺ!!» នីឃឆ្លើយ ហើយក៏ងាកទៅកញ្ញាទាំងបី៖
«អត់អីទេ! ទុកខ្ញុំចាត់ការណា អាចទៅបានហើយ!»
ឮដូចនេះ ពួកនាងត្រេកអរណាស់។ តូតាក៏និយាយតប៖
«អរគុណហើយ ចាំសងវិញលើកក្រោយ!» និយាយរួចនាងក៏ចេញទៅវិញ។
«អរគុណហើយ! ហើយក៏លាសិនដែរ ជួបគ្នាថ្ងៃក្រោយណា!» រីយ៉ារាក់ទាក់អ្នកជួយ ព្រមជាមួយស្នាមញញឹមបែបកំប្លែងតាមចរិតរបស់នាង។
ចំណែកឯនីឃបានត្រឹមតែញញឹម ហើយអ៊ីណូឯណោះក៏ឆ្លៀតនិយាយនាំរឿងបន្ថែម។
«លើកក្រោយចង់បានលេខទូរសព្ទ សុំផ្ទាល់មកណា កុំបាច់ល្បិចច្រើនកញ្ញាតូតា!»
ឮបែបនេះ នាងក៏ខឹង ហើយងាកមកថាឱ្យវិញ៖
«ចាំលោកក្លាយជាប្រុសពេញលក្ខណៈសិនទៅ ចាំខ្ញុំសុំលេខលោក!» ថារួច នាងក៏សើចឌឺបម្រុងនឹងដើរចេញ ស្រាប់តែអ៊ីណូស្ទុះមកចាប់ដៃជាប់ ព្រោះខឹងនឹងពាក្យសម្ដីដែលត្រូវនាងចោទថាជាខ្ទើយ។
«មិញនិយាយថាម៉េច? ចង់ថាខ្ញុំជាខ្ទើយមែន?»
«នែ! លែងដៃ! បើខ្ញុំអ្នកថា… ហើយម៉េច?»
«ម៉េចក៏ដឹងថាខ្ទើយ? ប្រយ័ត្នខ្ញុំចាប់រំលោភមានកូនទៅ ទើបដឹងថាខ្ទើយមិនខ្ទើយ…»
«ឡប់ទេអ្ហី? និយាយស្ដីទាក់ទាញកណ្ដាប់ដៃដល់ហើយ!!»
«អ៊ីចឹងផងអូនសម្លាញ់? កាចណាស់តើ! ចាំមើលញ៉ែយកធ្វើសង្សារឱ្យបាន! ប្រយ័ត្នតែស្រលាញ់ខ្ទើយនេះបាត់មុខមិនបានទៅ… តិចថាមិនបានប្រាប់!»
«មើលមុខមើលមាត់ខ្ញុំឱ្យច្បាស់ ចង់ប្រាប់ថាខ្លាចណាស់ ខ្លាចឡើងញ័រខ្លួនហើយ!» និយាយឌឺរួច នាងក៏គ្រលាស់ដៃចេញពីគេ ហើយដើរចេញភ្លាម។
ចាប់តាំងពីបានលេខទូរសព្ទរបស់តូតាមក អ៊ីណូតែងខលទៅរករឿងនាងមិនដែលលស់ថ្ងៃ។ រៀងរាល់ថ្ងៃ មិនថាជាសារ ខល គឺមិនដែលមានម្ដងណាដែលពួកគេទាំងពីរនិយាយគ្នាបានស្រួលហើយមិនបញ្ជោះដាក់គ្នានោះទេ។ យូរៗទៅ ក៏ក្លាយជាទម្លាប់រហូតដល់ជាង៣ខែនៃការស្គាល់គ្នារបស់ពួកគេ….
ក្រោយមក សាលាប្រកាសថាមានពិធីជប់លៀងសម្រាប់បុណ្យគ្រិស្តម៉ាសនៅថ្ងៃស្អែក ដើម្បីឱ្យនិស្សិតទាំងអស់បានរីករាយ និងជាការស្គាល់គ្នាផង។ ពិធីចាប់ផ្ដើមឡើងតាំងពីម៉ោង២រសៀលរហូតដល់៨ល្ងាច ដោយអនុញ្ញាតឱ្យមានការចូលរួមទាំងអស់ពីនិស្សិតគ្រប់ផ្នែកនិងគ្រប់ជំនាន់។
ទីត… ទីត… សំឡេងសារលោតឡើងនៅក្នុងថ្នាក់រៀន…
«ស្រីឆ្នាស ស្អែកមកចូលរួមពិធីជប់លៀងអត់ ឬក៏ណាត់សង្សារដើរលេងហើយ?»
«ទៅមិនទៅ… រឿងរបស់ខ្ញុំ! កុំចេះ… គិតតែខ្លួនឯងទៅបណ្ដើរស្រីទៅប៉ុន្មាននាក់?»
«មិនទាន់ដឹងទេ តែបើនាងចង់សុំខ្លួនបណ្ដើរជាមួយខ្ញុំ ចាំខ្ញុំគិតមើលសិន!»
«ដេកយល់សប្ដិទៅ!!»
ពួកគេទាំងពីរឆ្លើយឆ្លងសារគ្នាទៅវិញទៅមកក្នុងម៉ោងរៀន ធ្វើឱ្យរីយ៉ានិងឌីណាចាប់ផ្ដើមសង្ស័យ តែក៏មិនបានសួរនាំ ព្រោះគ្រូកាចទើបមិនហ៊ានរញ៉េរញ៉ៃ។ ចំណែកអ៊ីណូវិញធ្វើឱ្យសិទ្ធិនិងនីឃដឹងច្បាស់ថា ទោះបីគេប្រកែកយ៉ាងណាក៏មិនអាចលាក់បាំងអារម្មណ៍ស្នេហាដែលគេមានលើនាងតូចនោះដែរ។
«ឯងស្រលាញ់តូតាមែន?» សិទ្ធិក៏សួរនាំ។
«អត់ទេ មាត់ដាចចឹងអត់អារម្មណ៍ទេ ម៉េចសួរធ្វើអី?» គេប្រញាប់ឆ្លើយបដិសេធ ដើម្បីលាក់បាំងចិត្តរបស់ខ្លួន។
ឮបែបនេះភ្លាម សិទ្ធិក៏ឌឺបន្ថែម៖
«បើអ៊ីចឹង នីឃឯងសុំស្រលាញ់នាងទៅ ព្រោះមើលទៅនាងក៏ចាប់អារម្មណ៍ឯងដែរ!!»
«ឯងហ៊ានដែរ??» គ្រាន់តែឮបែបនេះ អ៊ីណូស្រែកឡើងធ្វើឱ្យផ្អើលដល់គ្រូ និងសិស្សផ្សេងទៀត។
«សុំទោសលោកគ្រូ!!» គេងាកទៅឆ្លើយសុំទោសគ្រូ តែងាកមកវិញក៏ឃើញសិទ្ធិនិងនីឃលួចសើចទើបដឹងថាត្រូវមិត្តភ័ក្ដិធ្វើបាប។ ដឹងខ្លួនថាលាក់លែងជិត អ៊ីណូនិយាយឡើងខែងរ៉ែង៖
«ស្រីម្នាក់នេះយើងសុំហើយ… ហាមប៉ះពាល់!!»
«មិនបាច់សុំទេ យើងក៏មានម្ចាស់ចិត្តដែរ! គ្នាមានមនុស្សម្នាក់ដែលស្រលាញ់រួចហើយ!» នីឃប្រញាប់ឆ្លើយភ្លាមៗ។
«អ្នកណាគេ?!!» អ៊ីណូនិងសិទ្ធិឧទានព្រមគ្នា ព្រោះមនុស្សប្រុសដែលសុភាពដូចគេមិនសមមានស្នេហា។
«ពួកឯងគង់តែដឹងទេ មិនបាច់សួរនាំច្រើន ខ្ជិលរៀបរាប់ណាស់!» គេនិយាយ ហើយក៏ងាកមុខចេញដើម្បីជាសញ្ញាបញ្ចប់រឿងថា ទោះបីសួរក៏គ្មានបានការអីដែរ។ ពួកគេមើលមុខគ្នាទាំងសប្បាយចិត្តព្រោះស្រីដែលពួកគេស្រលាញ់មិនមែនមនុស្សតែម្នាក់។
យប់នេះក៏ដូចរាល់ដងគឺ អ៊ីណូខលទៅរករឿងតូតាស្ទើរពេញមួយយប់។ អ្វីដែលចម្លែកនោះគឺ
អ៊ីណូមិនដែលនិយាយទូរសព្ទជាមួយអ្នកណាហួសពីម៉ោង១០យប់ទេ តែគេនិយាយជាមួយនាងយ៉ាងណាក៏មិនមានអារម្មណ៍ថាងងុយ ហើយកាន់តែសប្បាយដែលបានរករឿងនាង។ ចំណែកឯតូតាទោះដឹងថាអ៊ីណូរករឿងក៏នៅតែបន្តនិយាយទូរសព្ទជាមួយគេ មិនព្រមចុចបិទរហូតនិយាយដល់ម្នាក់ៗសើចរៀងខ្លួន ទើបអ៊ីណូនិយាយចេញមក៖
«តូតា នាងពិតជាគួរឱ្យស្រលាញ់ណាស់! មានអារម្មណ៍ថាចូលចិត្តនាងដល់ហើយ! ជាពិសេស អាសម្ដីមិនចេះចាញ់ តមាត់មិនបាត់ ហើយពូកែឌឺណាស់យើងហ្នឹង!»
គេនិយាយដោយសំឡេងស្រទន់ ពោរពេញដោយមនោសញ្ចេតនា ចំណែកនាងវិញក៏មានអារម្មណ៍ថាចូលចិត្តគេ បើទោះបីគេពូកែរករឿងនាងយ៉ាងណាក៏ដោយ។ ឮពាក្យបែបនេះទៀត មុខនាងមានចំហាយក្ដៅ បេះដូងលោតលឿន មិនដឹងធ្វើយ៉ាងម៉េចដើម្បីបំបាត់ភាពអៀនខ្មាសក៏ឆ្លើយធ្វើហីទៅវិញ៖
«ជារឿងធម្មតាទៅហើយដែលខ្ញុំឮពាក្យនេះ ព្រោះគ្រប់គ្នាជុំវិញខ្លួនតែងតែសរសើរបែបនេះ! ហាហា…»
«នែ! នាងមិនចេះខ្មាសខ្ញុំបន្តិចទេអ្ហីដែលនិយាយលើកខ្លួនឯងបែបនេះ?»
«មានអីត្រូវខ្មាស បើខ្ញុំគួរឱ្យស្រលាញ់មែន! ប្រយ័ត្នតែស្រលាញ់ខ្ញុំវិញទៅ! ខ្ញុំមិនដឹងទេ!»
«ចុះបើខ្ញុំចង់ស្រលាញ់មែនព្រមស្រលាញ់ខ្ញុំវិញអត់?»
មិនដឹងឆ្លើយយ៉ាងម៉េច ដឹងត្រឹមថាសប្បាយចិត្ត ទើបចេះតែឆ្លើយតាពាសទៅ។
«បើយើងព្រមមកសុំស្រលាញ់ខ្ញុំនៅមុខមិត្តភ័ក្ដិគ្រប់គ្នានៅសាលាថ្ងៃស្អែក ខ្ញុំក៏ព្រមដាក់ទាន យកខួរក្បាលទៅគិតមើលសិនចុះ!»
ឮហើយ អ៊ីណូទ្រាំមិនបានក៏សើច ហើយនិយាយថា៖
«មនុស្សស្រីអីលេងគេសាហាវយ៉ាងហ្នឹង! អូខេត្រៀមខ្លួនទៅចឹង! ខ្ញុំនឹងយកនាងធ្វើសង្សារឱ្យបាន!»
«ចាំធ្វើបានចាំនិយាយណា! កុំបានតែសម្ដីនោះ ខ្ញុំមិនល្ងង់ចាញ់បោកយើងដូចស្រីៗផ្សេងទេ!!»
«ម៉េចដឹងថាស្រីៗផ្សេងចាញ់បោកខ្ញុំ? តាមស៊ើបប្រវត្តិមែន? អីយ៉ា លួចស្រលាញ់ខ្ញុំពីអង្កាល់ហ្នឹង? ម៉េចមិនប្រាប់តាមត្រង់មកបើស្រលាញ់នោះ!?»
គេនិយាយបណ្ដើរ សើចសប្បាយចិត្តបណ្ដើរ ព្រោះថាយ៉ាងហោចណាស់ មិនមែនតែគេម្នាក់ដែលតាមស៊ើបពីនាង។
ទាំងពេលដើរបុកគ្នាដំបូងនៅសាលា គេបានចាប់អារម្មណ៍នាងតាំងពីថ្ងៃដែលនាងយកកិច្ចការផ្ទះមកឱ្យគ្រូនៅបន្ទប់របស់ខ្លួន ព្រោះនាងឱ្យកិច្ចការទៅគ្រូយឺតពេល តែអាចនិយាយដោះសារបានយ៉ាងល្អ។ គ្រប់យ៉ាងនៅសាលា នៅប៊ីប៊ីវើល ការពឹងឱ្យសិទ្ធិជួយយកលេខទូរសព្ទសុទ្ធតែជាគម្រោងរបស់គេដើម្បីតាមស្រលាញ់នាង ព្រោះថាមនុស្សដូចជានាង បើសុំស្រលាញ់ត្រង់ៗ នាងប្រាកដជាគ្មានថ្ងៃព្រមនោះទេ។
តូតាឮបែបនេះក៏ប្រញាប់ឆ្លើយបដិសេធ៖
«កុំលើកខ្លួនពេក បានហើយងងុយហើយ! ស្អែកត្រូវទៅសាលាចូលរួមពិធីជប់លៀងផង ខ្លាចមិនស្អាត! bye bye…»
និយាយចប់ នាងក៏ចុចបិទខ្លាចថាត្រូវគេចាប់បានថា ខ្លួននាងក៏មានចិត្តលើគេដែរ។ តាំងពីថ្ងៃដែលនាងយកកិច្ចការផ្ទះទៅឱ្យគ្រូនៅថ្នាក់រៀនរបស់អ៊ីណូ ពេលនោះនាងបានឃើញអ៊ីណូឡើងធ្វើបទបង្ហាញយ៉ាងល្អជំនាញ ហើយត្រូវបានគ្រូសរសើរទៀតជាមួយរូបរាងសង្ហាស្រាប់របស់គេ ទើបធ្វើឱ្យនាងចាប់អារម្មណ៍ក៏ស៊ើបមើលដឹងថាស្អែកគេនឹងទៅប៊ីប៊ីវើល ទើបណាត់មិត្តទាំងពីរទៅទីនោះដែរ។ តែអ្វីដែលស្មានមិនដល់នោះ គឺគ្រប់យ៉ាងដូចការព្រាងទុក ធ្វើឱ្យនាងនិងគេមានភាពស្និទ្ធស្នាលគ្នាបានយ៉ាងលឿន។
ស្នូរសារទូរសព្ទក៏លោតឡើង៖
«រាត្រីសួស្ដីស្រីឆ្នាសមាត់ដាច! ស្អែកជួបគ្នាណា! កុំភ្លេចសុបិនឃើញខ្ញុំផងណា!»
នាងអានសាររួចហើយក៏ញញឹមរួចតបវិញ៖
«មានមនុស្សប្រុសដែលត្រូវសុបិនឃើញហើយសុំទោស! រាត្រីសួស្ដី!»
សរសេររួច នាងក៏គេងទាំងញញឹម។ ឯអ៊ីណូវិញក៏ញញឹម ហើយគិតក្នុងចិត្ត នាងតូចនេះមាត់រឹងពូកែឌឺមែន រួចក៏គេងលក់ទាំងញញឹមដូចគ្នា។
ស្អែកឡើងកម្មវិធីក្នុងសាលា
តូតាមកដល់សាលាឃើញរីយ៉ាមករៀនលឿនជាងរាល់ដង ហើយអារម្មណ៍ស្រស់ស្រាយ និងតែងខ្លួនស្អាតខុសពីធម្មតា ថែមទាំងមិនបានរករឿងនាងទៀតដោយអង្គុយកាន់តែទូរសព្ទលេងសារជាមួយអ្នកណាក៏មិនដឹង។ ឃើញបែបនេះ នាងក៏ងាកទៅរកឌីណាក្នុងបំណងសួរថាមានរឿងអី តែឌីណាក៏ញាក់ស្មាតបវិញថាមិនដឹងរឿងទេ។ តូតាទ្រាំមិនបានក៏សួរនាំ៖
«ហើយឯងខ្មោចចេញក៏ចូលហាស បានមកអង្គុយញញឹមដាក់ទូរសព្ទអ៊ីចឹង?»
រីយ៉ាតបវិញ៖
«មនុស្សមានស្នេហា អារម្មណ៍ល្អ ត្រូវធ្វើខ្លួនឱ្យសមនឹងបងនីឃហើយទើបបាន ព្រោះមានសង្សារជាប្រុសស្អាតផង!»
និយាយទាំងស្នាមញញឹមលើថ្ពាល់មានក្ដីសុខ។
«អ្ហា!!! ឯងនិងនីឃជាសង្សារគ្នាពីកាល ម៉េចយើងមិនដឹង?» ម្ដងនេះឌីណាឧទានចេញមកយ៉ាងឮ តែអ្វីដែលចម្លែកខ្លាំងសម្រាប់ឌីណាគឺពាក្យសម្ដីរបស់តូតា នារីមិនដែលខ្វល់រឿងស្នេហា៖
«មែនហើយ ពេលមានស្នេហា ម៉េចក៏គ្រប់យ៉ាងមើលទៅគួរឱ្យស្រលាញ់ទាំងអស់អ៊ីចឹងហ្ន៎?!»
«ថាម៉េច???? ឯងមានស្នេហាឬតូតា?» ឌីណាចង់វិលមុខដោយសារមិត្តសម្លាញ់ទាំងពីរមានស្នេហាក្នុងពេលតែមួយ ហើយតែមួយប៉ប្រិចភ្នែកទៀតផង។
ថ្ងៃនេះជាថ្ងៃបុណ្យណូអែល និស្សិតទាំងអស់តុបតែងខ្លួនយ៉ាងស្អាតតាមស្ទីលរៀងៗខ្លួន រីករាយនឹងពិធីជប់លៀងរបស់សាលា។
នារីទាំងបីកំពុងអង្គុយនិយាយគ្នាលេងក្បែរដើមណូអែល ស្រាប់តែមានការភ្ញាក់ផ្អើលមួយ គឺបុរសម្នាក់កាន់បាច់ផ្កាដ៏ស្រស់ស្អាតដើរសំដៅមកកាន់តុរបស់កញ្ញាទាំងបី។ គ្មាននរណាក្រៅពីកំលោះអ៊ីណូដោយមានកាន់កាដូរាងបេះដូងដែលមានឈ្មោះតូតា និងអ៊ីណូនៅពីលើប្រអប់កាដូនោះផង។ និស្សិតផ្សេងទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសារភាពស្នេហ៍ពីបុរសសង្ហា ចំណែកតូតាក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ហើយមិននឹកស្មានថាគេពិតជាហ៊ានធ្វើបែបនេះមែន។ នាងគិតថាវិធីនេះគឺចង់ធ្វើបាបគេលេងតែប៉ុណ្ណោះ ការសារភាពស្នេហ៍បែបនេះគឺវាហួសសម័យហើយ។
«ខ្ញុំមិនគួរសារភាពស្នេហ៍ថ្ងៃនេះទេ!» អ៊ីណូនិយាយទៅកាន់តូតា ធ្វើឱ្យនាងឆ្ងល់មិនដឹងថាសារភាពដាក់មនុស្សឬក៏ខ្លាឃ្មុំទេនៀក។ គេនិយាយរួចញញឹម ព្រោះនិយាយទូរសព្ទពីយប់ដល់ម៉ោង៣ទាបភ្លឺទើបឈប់។
«អាចប្ដូរចិត្តនៅទាន់ពេលតើ មិនបានបង្ខំផង! កំពុងតែមានប្រុសស្អាតច្រើនឱ្យមើលនិងរើសដូចគ្នា!» នាងឆ្លើយរបៀបងរង៉ក់ និងឌឺដាក់វិញ។
«នាងមិនបានបង្ខំទេ តែអាបេះដូងឆ្កួតមួយនេះជាអ្នកបង្ខំ! តែបើនាងមិនត្រូវការក៏មិនអីដែរ ខ្ញុំត្រលប់ទៅវិញ!» ថារួចក៏ធ្វើពើជាបែរទៅវិញ ក៏ត្រូវឈប់ង៉ក់ដោយសារពាក្យសម្ដីឌឺរបស់នាង។
«ស្មានថាខ្លាំង មកធ្វើឫកចង់ល្បីសោះ!»
«អ៊ីចឹងព្រមធ្វើសង្សារអ្នកល្បីអត់?»
«ហេតុតែចង់ល្បី គ្នាខំមករកដល់កន្លែងហើយ មានតែធ្វើមនុស្សចិត្តធម៌ជួយបំពេញបំណងចុះ!» និយាយរួច គ្រប់គ្នាក៏ទះដៃត្រេកអរនឹងស្នេហារបស់ពួកគេទាំងពីរ។
ក្រោយមក ពួកគេទាំង៦នាក់ក៏អង្គុយញ៉ាំអាហារជុំគ្នាក្រោមភាពអ៊ូអរ និងបទចម្រៀងចាក់កំដរ។
«ដឹងអត់ថាគេមិនបានគេងទេ ខំរកវិធីសារភាពដាក់អ្នកខ្លះ តែបែរជាដេញគេឱ្យទៅវិញទៀត! ពិតជាខូចចិត្តណាស់! អត់ចង់រស់ទេ! តែស្រលាញ់ក្មេងឌឺម្នាក់ទើបមិនចង់ស្លាប់!»
«អានីឃ ម៉ោះទៅស៊ីបាយកន្លែងផ្សេង! យើងស៊ីមិនចូលទេ! ជ្រេញអ្នកខ្លះ!»
«នីឃជាប់រវល់ហើយ! មិនបាននៅញ៉ាំបាយជាមួយលោកទេសិទ្ធិ គឺគេទៅញ៉ាំបាយជាមួយខ្ញុំ តោះទៅនីឃ!»
រីយ៉ានិយាយទាំងទឹកមុខរីករាយ រួចក៏ដើរចូលទៅក្នុងពិធីជប់លៀងដែលអមដោយបទចម្រៀងគ្រិស្តម៉ាសទៅបាត់ជាមួយនីឃ ទុកឱ្យសិទ្ធិនិងឌីណាមើលមុខគ្នា រួចក៏ក្រោកចេញទៅដូចគ្នា។
«យ៉ាងម៉េចមានរំភើបអត់?» អ៊ីណូនិយាយពេលនៅតែ២នាក់ស្រីមាត់ដាចរបស់គេ។
«ធម្មតាៗហ្នឹង! គ្មានឃើញរំភើបត្រង់ណាផង!» នាងឆ្លើយធ្វើហី។
«អត់ចោលអាចរិតហ្នឹងសោះ! នេះគេខំនិយាយពីរោះដាក់ហើយណា!!»
«អ៊ីចឹង? អត់ដឹងសោះ!!»
«តូតា?»
«ម៉េច?»
«បងស្រលាញ់អូន ហើយក៏ស្រលាញ់ខ្លាំងទៀតផង!»
«ស្មានតែមិននិយាយពាក្យហ្នឹងចេញមកហើយតា៎!» នាងនិយាយទាំងញញឹម។
«ចង់និយាយយូរហើយ តែគេខ្លាចខ្លួនឯងហ្នឹងអៀនហ្នឹងណា!»
ពួកគេទាំងពីរមិននិយាយ តែសម្លឹងមើលភ្នែកគ្នាដោយការយល់ចិត្ត និងសេចក្ដីស្នេហា រួចក៏ញ៉ាំអាហារក្រោមដើមគ្រិស្តម៉ាស។
ញ៉ាំរួច ពួកគេក៏កាន់ដៃគ្នាចូលរួមកម្មវិធីជាមួយមិត្តភ័ក្ដិឯទៀតក្រោមភាពស្រស់ត្រកាលដែលមានខ្យល់បក់រំហើយនៃរដូវធ្លាក់ខ្យល់សម្រាប់ស្នេហាដែលទើបកើតឡើងថ្មីៗ។
យប់ឡើង ពួកគេនិយាយទូរសព្ទជាមួយគ្នាទៀត ភ្លាមៗនោះអ៊ីណូសួរ៖
«តូតា បងសួរអូនឯងរឿងមួយបានទេ?»
«បានតើ សួរមក!»
«ថ្ងៃមុន បងឃើញអូនឯងនិយាយគ្នាលឹបលៗជាមួយអានីឃ និយាយពីរឿងអី?»
«អូ! គឺនីឃ គេពឹងឱ្យអូនជួយគេនិងរីយ៉ាបានស្រលាញ់គ្នាហ្នឹងណា! ហើយបងឯងអត់ដឹងទេអ្ហ៎? ថា នីឃលួចស្រលាញ់រីយ៉ា?»
«ចុះអូនឯងស្គាល់នីឃយូរហើយ?»
«ស្គាល់មុនស្គាល់បងឯងមួយឆ្នាំ!»
«ចុះម៉េចក៏ថ្ងៃមុននៅប៊ីប៊ីវើល ធ្វើដូចមិនស្គាល់គ្នា?»
«មកពីបងឯងលេងល្បិចដាក់អូនមុនធ្វើអី?»
«ល្បិចអីគេ?»
«ស្មានតែអូនមិនដឹងថា បងឯងឱ្យសិទ្ធិនិងរីយ៉ាជួយនោះ?»
«ម៉េចក៏ដឹង?»
«នីឃប្រាប់! បើមិនអ៊ីចឹង ស្មានតែអូនព្រមទទួលយកបងឯងងាយៗអ៊ីចឹងអ្ហ៎?»
«អូ! ហាហា… ស្មានតែអូនឯងចិត្តងាយ ឃើញបងស្អាតនោះអី!» គេនិយាយលេងសើចដាក់នាង។
«ចាប់ពីថ្ងៃនេះទៅ សន្យាណាថាគ្មានរឿងកុហកលាក់បាំងគ្នា ហើយត្រូវស្រលាញ់គ្នាឱ្យខ្លាំង! ពេលយើងរៀនចប់មានការងារធ្វើ យើងនឹងសាងសុភមង្គលជាមួយគ្នាណា!!»
«សន្យាបានតើ! តែបងឯងក៏ត្រូវសន្យាថាហាមក្បត់ចិត្ត ហាមញ៉ែស្រីណាផ្សេងទាំងអស់! បើអូនដឹង អូនសម្លាប់ចោល!!» នាងនិយាយគំរាមដោយការស្រលាញ់។
«សន្យាបាទ អូនឆ្នាស!!»
និយាយរួច ពួកគេទាំងពីរក៏សើចព្រមគ្នា។ ទោះបីជាពួកគេប្រើពេលវេលាខ្លីដើម្បីស្រលាញ់គ្នា ប៉ុន្តែពួកគេបានដឹងពីគ្នាយ៉ាងច្បាស់លាស់ដោយសារម្នាក់ៗបានលួចស្រលាញ់ម្ខាងៗជាង៣ខែមកហើយ។
ចំណែកឯរីយ៉ានិងនីឃវិញ៖
«ប្រាប់តិចមើលលួចស្រលាញ់គេពីអង្កាល់? ហើយថីបានស្រលាញ់គេ?»
«លួចស្រលាញ់ជាង៣ខែហើយ ដោយសារឃើញរូបថតជាមួយតូតាក្នុងហ្វេសប៊ុក ហើយដែលស្រលាញ់ហ្នឹងមិនដឹងឆ្លើយថាម៉េចទេ ចុះយើងអ្ហ៎?»
«ដូចគ្នា! មិនដឹងពេលណាទេ! ដឹងត្រឹមថាយើងហ្នឹងជាសុភាពបុរស ជាមនុស្សល្អរបស់គេហ្នឹងណា!!»
«អ៊ីចឹងអ្ហ៎? អរគុណដែលព្រមស្រលាញ់ណា! ហើយសូមឱ្យស្រលាញ់ឱ្យច្រើនៗផង!!»
«អរគុណដូចគ្នា! យើងនឹងស្រលាញ់គ្នាឱ្យខ្លាំងៗ ហើយឱ្យយូរៗ!!!»
ចប់
ដោយ កូនម្ទេស
ខ្មោចស្រីកណ្ដាលក្រុងសៃហ្គន Trackback
ផ្សាយក្នុងផ្នែក ខ្មោចស្រីកណ្ដាលក្រុងសៃហ្គន ដោយ sar.sokunthy កាលពី 47 days ago 26 Comments
សារមន្ទីរនៅក្រុងសៃហ្គនដែលដើមឡើយជាគេហដ្ឋានរបស់គហបតីចិន ត្រូវបានគេលើកមក និយាយតៗគ្នា មិនថាក្នុងចំណោមប្រជាជនវៀតណាមឬមួយក៏កម្ពុជាទេ ព្រោះប្រទេសទាំងពីរនៅជាប់ខាងគ្នា។
ផ្ទះដែលគេអះអាងថាមានខ្មោចរហូតដល់ល្បីរាប់រយឆ្នាំមកហើយនេះ គឺជាកម្មសិទ្ធិរបស់លោកហ៊ុយ ប៊ុនហួ (Hui Bon Hoa) ចិនហុកគានដែលមកប្រកបរបរតាំងពីគ្មានមួយសេន រហូតក្លាយជាអ្នកមានបំផុតនាជំនាន់នោះ។
ឯកសារជាច្រើនអះអាងថា លោកហួចាប់ផ្ដើមការងារនៅវៀតណាមតាំងពីរបៀបជាអ្នកទិញលក់កាកសំណល់សម្ភារដែលអាចច្នៃឡើងវិញ (អេតចាយ) រហូតដល់កាន់កាប់ឧស្សាហកម្មជាច្រើននៅសៃហ្គន តែក៏មានពាក្យចចាមអារ៉ាមខ្លះថា គាត់រកបានវត្ថុបុរាណមានតម្លៃដើម្បីជាដើមទុនក្នុងការកសាងភាពស្ដុកស្ដម្ភ។
ទោះជាយ៉ាងណា លោកហួបានក្លាយជាស្ដេចនៃអចលនទ្រព្យប្រចាំសៃហ្គននៅដើមសតវត្សទី២០ ហើយបានទទួលការគោរពជាទូទៅដោយសកម្មភាពផ្ដល់មូលនិធិសង្គមកិច្ចជាច្រើនរហូតដល់សាលារៀន មន្ទីរពេទ្យ ផ្សារផ្សោជាច្រើននៃគ្រួសារនេះនៅមានសេសសល់សម្រាប់ប្រើប្រាស់រហូតដល់បច្ចុប្បន្ន។
គ្រួសារនេះមានវិមានសាងសង់ពីថ្មដ៏ធំមួយ ក្នុងរចនាបទសម័យអាណានិគម ហើយសាងសង់ឡើងនៅឆ្នាំ១៩២០។
បើយើងទៅកាន់ក្រុងព្រៃនគរដែលបច្ចុប្បន្នមានឈ្មោះផ្លូវការថាទីក្រុងហូជីមិញនោះ យើងអាចងាយស្រួលក្នុងការសួររកផ្ទះដែលល្បីថាមានខ្មោចលងកាលពីជំនាន់បារាំង ជាជាងសួររកសារមន្ទីរវិចិត្រសិល្បៈដែលតាមពិតជាកន្លែងតែមួយ។
កំណត់ហេតុអនឡាញជាច្រើនបានពណ៌នាពីគ្រួសារនេះ ប៉ុន្តែគ្មានអ្នកជំនាន់ក្រោយណាម្នាក់របស់គ្រួសារនេះអះអាងអំពីរឿងខ្មោចស្រីដ៏ល្បីដែលគេអះអាងថា ជាកូនស្រីពៅដ៏អភព្វរបស់លោកហួនោះឡើយ។
ទោះយ៉ាងណា ប្រទេសវៀតណាមធ្លាប់បានផលិតភាពយន្តមួយដែលមានចំណងជើងថា «ខ្មោចផ្ទះលោកហួ» ហើយផលិតករបានស្រង់សម្ដីមនុស្សជំនាន់ក្រោយនៃបាវបម្រើគ្រួសារនេះមក។
…………………………..
មេឃងងឹតហើយ។
យប់នេះភ្លៀងធ្លាក់ជញ្ជ្រំតាំងពីព្រលប់មក។
មនុស្សម្នាក់ដែលរែកបាញ់កាញ់លក់តាមផ្លូវ គឺយាយអ៊ុកដែលមានវ័យជាង៥០ឆ្នាំបានដាក់អម្រែកចុះ ហើយជ្រកក្រោមគែមរបងនៃសួនសាធារណៈមួយ។
ដីនិងថ្លុកទឹកល្អក់ដែលកូរចូលគ្នាសើមជ្រាយ ធ្វើឱ្យគាត់ពិបាកធ្វើដំណើរបន្តណាស់ ណាមួយគាត់រងាផង។
គាត់ទ្រេតខ្លួននឹងជញ្ជាំងថ្មនៃសួនស្ងាត់ជ្រងំមួយ។
ចំពោះមុខគាត់គឺផ្ទះលោកសេដ្ឋីហួដ៏ល្បី។ សូម្បីបាវព្រាវរបស់សេដ្ឋីហួក៏មានមិនតិចជាង១០០នាក់ដែរ ព្រោះគ្រួសារនេះកាន់កាប់ជំនួញធំៗទាំងអស់នៅសៃហ្គន។
ហត់ពេក គាត់បិទភ្នែកលង់សម្រាកបន្តិច ស្រាប់តែអ្វីមួយដាស់ឱ្យគាត់បើកភ្នែកឡើងវិញ។ សម្រែកថ្ងូរយ៉ាងឈឺចាប់ និងយំស្រែកលន្លង់លន្លោចលាន់មកចំពីមុខគាត់ខ្សោយៗ តែប៉ះសង្កៀរត្រចៀកគាត់… ពិតណាស់… វាលាន់ចេញមកពីមហាភូមិគ្រឹះគ្រួសារលោកហួ… ពីជាន់ទីពីរនៃគេហដ្ឋានដែលល្បីថាមានរឿងដំណាលជាច្រើនអំពីភាពអយុត្តិធម៌នៃព្រលឹងខ្មោចស្រីជំទង់ម្នាក់…
គាត់ងើបមុខសម្លឹងទៅ… គាត់ជាមនុស្សចាស់… គាត់កុហកខ្លួនឯងថាមិនខ្លាចទេ… តែគាត់
ចាប់ផ្ដើមសូត្រធម៌…
…ស្រមោលមនុស្សស្រីពាក់អាវផាយសបានហើរហោះក្បែរៗបង្អួចនៃជាន់ទីពីរមហាភូមិស្ថាន
ដែលតែងមានរឿងចចាមអារ៉ាមដំណាលថាកូនម្នាក់របស់សេដ្ឋីនេះបានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងទីបង្ខាំងឯជាន់ទីពីរនោះ។
យាយអ៊ុកដួលសន្លប់ ហើយគាត់ក៏ត្រូវបានប៉ូលិសហៅទៅសាកសួរ…
ចម្លើយគាត់ស៊ីសង្វាក់នឹងសម្ដីរបស់អ្នកបម្រើជំនិតម្នាក់ទៀតដែលបានផ្ដល់ឱ្យប៉ូលិសដែរ…. គឺពូឡេ ជនជាតិចិនហុកគានដែលសេដ្ឋីហួទុកចិត្តឱ្យមើលថែក្នុងផ្ទះ ត្រួតលើទាសករគ្រប់គ្នា (ជំនាន់នោះនៅមានវណ្ណៈទាសករនៅឡើយ)។
នេះជាពាក្យដំណាលរបស់ពូឡេ…
…..យប់នោះ ក្មេងៗអ្នកធ្វើការផ្ទះដេកលក់អស់ហើយ ខ្ញុំចាស់ហើយក្រដេកលក់ណាស់ ការងារទៀងទាត់របស់ខ្ញុំ គឺដើរមើលក្រែងលោមានអ្នកណាប្រហែសអ្វីមួយ។ ខ្ញុំនៅជាន់ទីបី គឺទើបតែក្រោកចេញពីច្របាច់ជើងជូនលោកម្ចាស់ហួ។
….បង្អួចធំនៃបន្ទប់ជាន់ទីពីរមិនសមថាបើកចំហសោះ ថែមទាំងមានពន្លឺទៀត។ ខ្ញុំញីភ្នែកមើលច្រើនដងណាស់ មុនសម្រេចចិត្តថាចុះទៅបិទវា។ ខ្ញុំបានចុះទៅជាន់ក្រោមដើម្បីបិទបង្អួចវិញ។
គ្រាន់តែដើរបានបួនប្រាំជំហាន កំណួចខ្យល់ដ៏ត្រជាក់បានធ្វើឱ្យខ្ញុំព្រឺសម្បុរ។ ខ្ញុំឱបដៃចង់គ្រុនញាក់។ នឹកឃើញដល់អាកុងខ្ញុំតែងតែប្រាប់ថា កាលណាកណ្ដាលយប់ស្ងាត់ យើងភ័យខ្លាចបះរោម មានន័យថាមានវិញ្ញាណនៅក្បែរៗកៀកនឹងយើង។
ខ្ញុំញ័រជើងពាក់កណ្ដាលផ្លូវ។
តែខ្ញុំខំសូត្រធម៌ ហើយឱនសម្លឹងទៅបន្ទប់នៅជាន់ទីពីរ…. ស្រមោលពណ៌សរាងដូចអ្នកនាងពៅកំពុងឈរជាន់លើបង្អួចងើយសម្លឹងមករកខ្ញុំ។
ខ្ញុំចង់ស្រែក តែស្រែកមិនបាន ក៏អុកគូទដួលលើជណ្ដើរ។ ទោះយ៉ាងណា ខ្ញុំចុចពន្លឺពិលទៅទីនោះ ប៉ុន្តែមិនបានឃើញអ្វីទាំងអស់។ ខ្ញុំប្រហែលព្រិលភ្នែក ឬមួយក៏ខ្ញុំស្ដាប់ពាក្យពេចន៍អ្នកបម្រើចេចចូចច្រើនពេក។
ខ្ញុំតោងបង្កាន់ដៃជណ្ដើរក្រោកមកវិញ ហើយដើរចុះបន្តមួយៗ។ បង្អួចធំនៃបន្ទប់នោះគ្មានរបើក ក៏គ្មានភ្លើងបំភ្លឺដែរ។
ខ្ញុំញាប់ញ័រជាមួយសំណួរផ្ដេសផ្ដាសតែម្នាក់ឯង។
អ្វីមួយរត់មកបុកខ្ញុំឱ្យដួលផ្ងារក្រោយគ្រេង។ ខ្ញុំចុចពិលចំវា វាជាឆ្មាសម្បុរបីភ្នែកក្រឡោតគួរឱ្យស្អប់។
ខ្ញុំស្រែកឮៗហៅក្មេងៗ៖ «មកនេះវើយ! ពួកឯងមកនេះ!»
មុនពេលខ្ញុំបិទភ្នែក ខ្ញុំឮអ្នកខ្លះដែលរត់មកដល់ភ្លាត់មាត់ដោយរន្ធត់ថា «អ្នកនាងពៅៗ»។
បន្ទប់នេះជាយូរមកហើយ ជាកន្លែងដែលកូនស្រីពៅលោកហួបានរស់នៅយ៉ាងវេទនារហូតដល់ស្លាប់ដោយសារជំងឺឃ្លង់។
មិនដែលមាននរណាម្នាក់មានភាពក្លាហានចូលមកជាន់នេះតែម្នាក់ឯងនោះទេ។
ពាក្យចចាមអារ៉ាមនៃខ្មោចស្រីជំទង់ គឺជារឿងបន្តពីជីវិតដ៏អភព្វនៃកូនស្រីពៅនៃត្រកូលពាណិជ្ជករមានបំផុតនៅសៃហ្គន។
លោកហួមានកូនចៅជាច្រើន ប៉ុន្តែនាងតូចនោះជានារីអភិជនដ៏អភព្វដែលទទួលរងជំងឺឃ្លង់ដែលនៅពេលនោះ គ្មានពេទ្យណាមានសមត្ថភាពព្យាបាលនៅឡើយទេ។
នៅពេលរកឃើញជំងឺដែលមើលមិនជានេះ ក្មេងស្រីជំទង់ប្ដូរផ្លាស់ជីវិតទៅរស់ក្នុងនរក។ ជាប្រពៃណីជនជាតិចិន កុមារសំណព្វដូចនាងតែងមានពួកអ្នកបម្រើជាច្រើន ឈរអមតាមអគាររង់ចាំបម្រើ ប៉ុន្តែខណៈពេលដែលជំងឺនេះទទួលរាលដាលធ្ងន់ រាងកាយនាងក្លាយជាដំបៅសុស ហើយបានប្រកាច់កន្ត្រាក់អវយវៈជាញឹកញយ។
ការសម្រេចចុងក្រោយពេលដែលមេរោគអាចឆ្លងរាលដាល ឪពុកសម្រេចចិត្តឱ្យគេចាក់សោបង្ខាំងនាងនៅដោយឡែក គ្មានច្រកចេញ គឺមានតែប្រលោះសម្រាប់ស៊កចំណីបញ្ចូលឱ្យ។
ទារុណកម្មជំងឺយាយីរាងកាយ ធ្វើឱ្យនាងប្រែស្មារតីដូចមនុស្សឆ្កួតយំស្រែក ជេរ ដាក់បណ្ដាសា និងសើចជារៀងរាល់ថ្ងៃតែម្នាក់ឯង។
ឪពុកអញ្ជើញពេទ្យមកពីគ្រប់ទីកន្លែង បញ្ជូនមនុស្សរាប់សិបនាក់ទៅកាន់ព្រៃភ្នំដើម្បីស្វែងរកឪម៉ាល់ម្យ៉ាងដែលពេទ្យសម័យនោះជឿថា អាចកិនវាលាយជាមួយលោហៈមាសរាវចាក់បញ្ចូលទៅក្នុងឈាមនឹងអាចពន្យឺតការអភិវឌ្ឍនៃជំងឺនោះ តែការប្រឹងប្រែងទាំងអស់នៅតែឥតប្រយោជន៍។
ក្មេងស្រីនោះបានស្រែកយំដាក់បណ្ដាសាឮទាំងថ្ងៃ ទាំងយប់ដោយខឹងសម្បារ និងការបង្ខាំងឱ្យរស់នៅបំបែកចេញពីគ្រួសារដោយសារបង្ការការចម្លងជំងឺឃ្លង់នេះ។
គ្រួសារនេះបានធ្វើបុណ្យសពក្លែងក្លាយដើម្បីឱ្យមិត្តភក្តិជឿថាកូនស្រីពៅ គឺមិនមានទៀតទេនៅលើលោកនេះ និងកុំឱ្យរដ្ឋអំណាចយកនាងចេញទៅណាឆ្ងាយ។
ពិធីបុណ្យសពក្លែងក្លាយបានរៀបចំឡើងពេលដែលអ្នកស្លាប់កំពុងនៅរស់នៅឡើយ។ ការ អាណិតអាសូរបានកើតឡើងកក្រើកទីក្រុង ទោះបីគ្មានអ្នកណាត្រូវបានអនុញ្ញាតឱ្យមានវត្តមានក្បែរមឈូសក៏ដោយ តែការស្លាប់នេះត្រូវបានគេនិយាយតៗគ្នា។ ស្ទើរតែមនុស្សគ្រប់គ្នាបានកាន់ទុក្ខឱ្យការបញ្ចប់ជោគវាសនារបស់ក្មេងស្រីអកុសលនេះ។
អ្នកបម្រើខ្លះក្រោយមក បានលួចប្រាប់ញាតិមិត្តថាក្មេងស្រីនោះបានស្លាប់ពិតប្រាកដក្រោយប៉ុន្មានថ្ងៃពីពិធីបុណ្យសពនោះ។
ប៉ុន្តែមរណភាពនោះមិនបានបញ្ចប់រឿងរ៉ាវទេ ព្រោះក្ដីស្រលាញ់នៅតែឆេះសន្ធោសន្ធៅក្នុងចិត្តអ្នកជាឪពុក។
«កុំកប់កូនស្រីខ្ញុំ!»
នេះជាដើមចមនៃរឿងរ៉ាវអកុសលបន្តសម្រាប់ផ្ទះដ៏ស្រពោនរបស់លោកហួ។
សម្រាប់សេចក្ដីស្រលាញ់របស់ខ្លួន គាត់ជាអ្នកមានលុយច្រើនជាងគេ គាត់ចង់ទិញយកអារម្មណ៍មួយថា កូនស្រីដ៏គួរឱ្យស្រលាញ់របស់គាត់នៅរស់ខាងក្នុងបន្ទប់ដដែល។
លោកហួចំណាយប្រាក់រៀបចំបន្ទប់នាងឱ្យក្លាយជាទីល្អភ្នែកបំផុតជាមួយសង្ហារិមមានតម្លៃផុតគេក្នុងប្រទេស។ លោកឱ្យគេធ្វើមឈូសថ្មមួយដែលមានដុតភ្លើងពីក្រោមរហឹមជានិច្ច កុំឱ្យសពត្រូវដង្កូវចោះ ហើយគម្របធ្វើពីកញ្ចក់ក្រាស់ លោកអាចចូលទៅមើលនិងនិយាយលេងបាន។
ផ្ទះនេះនៅវៀតណាមមែន តែគាត់ជួលតែអ្នកបម្រើចិនមកថែទាំដុសសម្អាតបន្ទប់ យកម្ហូបអាហារដែលនាងធ្លាប់ចូលចិត្ត គឺធ្វើរាល់ថ្ងៃ ដូចជាអ្នកនាងពៅកំពុងរស់នៅ។
ប្រភពជាច្រើនអះអាងថា ទោះបីក្មេងស្រីបានស្លាប់ទៅហើយ តែសម្រែកនាងត្រូវបានអ្នកបម្រើបន្តឮជារឿយៗ ធ្វើឱ្យបាវព្រាវជាច្រើនវេចបង្វេចរត់លែងនៅ លើកលែងតែអ្នកដែលជំពាក់ប្រាក់ច្រើន គ្មានវិធីទើបទ្រាំរស់នៅ។
អ្នកណាក៏ប្រាប់ឪពុកនាងពីរឿងដែលនាងតែងស្រែកលងលាន់ខ្ទរផ្ទះនេះដែរ តែលោកហួមិនពេញចិត្តទេ ថែមទាំងស្ដីបន្ទោស ព្រោះគាត់រវល់ធ្វើជំនួញមិនសូវនៅផ្ទះ ហើយមិនជឿលើរឿងអស់នេះដាច់ខាត។
អ្នកបម្រើភិតភ័យណាស់ តែគេគ្មានវិធីគេចវេះបានក៏បណ្ដាក់គ្នាធ្វើការនេះជាប្រចាំបានពេញមួយឆ្នាំ រហូតដល់ថ្ងៃចូលខែមាឃចូលឆ្នាំជនជាតិចិន។
នៅថ្ងៃនោះ លោកហួបានអញ្ជើញមិត្តភក្តិ សាច់ញាតិមកលៀងអាហារនៅផ្ទះ។ គាត់ឱ្យជាងដេរអាវផាយជាសូត្រពណ៌ស និងទិញតុក្កតា ហើយបញ្ជាអ្នកបម្រើឱ្យយកឡើងទៅឱ្យកូនស្រីគាត់។
អ្នកបម្រើបានធ្វើតាមប្រពៃណី គឺធ្វើបាយមាន់មួយចានយកទៅសែនឱ្យនាង។ ល្ងាចបន្តិច ភ្ញៀវចាកចេញអស់ អ្នកបម្រើពីរនាក់បានឡើងទៅសម្អាតបន្ទប់ដូចធម្មតា។
ចម្លែកនោះគឺលើកនេះ ម្ហូបសំណែនហាក់បាត់អស់ជាងពាក់កណ្ដាល???
ឆ្មាស៊ី?
គេមើលមុខគ្នា ហើយងើបមុខមើលទៅកន្លែងមឈូសដែលនៅជ្រៅសន្លឹមក្នុងបន្ទប់។ ទោះបីពន្លឺមិនច្បាស់ តែគេឃើញថាមឈូសកញ្ចក់បានរបើកពាក់កណ្ដាល។
តុក្កតានៅលើនោះ ហើយក្មេងស្រីដែលស្លាប់ស្លៀកសំលៀកបំពាក់ថ្មីពណ៌សអង្គុយបែរខ្នង។
នាងមិននិយាយអ្វី តែលូកដៃរាវរកតុក្កតា បន្ទាប់មក ទើបនិយាយថ្ងូរ៖
«វាជារបស់ខ្ញុំ! វាជារបស់ខ្ញុំ!»
អ្នកបម្រើរត់រមៀលធ្លាក់ជណ្ដើរ។
លោកហួអត់ធ្មត់ស្ដាប់អ្វីគ្រប់យ៉ាង។
គាត់ជក់ខ្សៀអង្គុយស្រក់ទឹកភ្នែកពេញមួយយប់ក្នុងបន្ទប់ ហើយស្អែកឡើងសកម្មភាពសម្ងាត់ត្រូវបានអនុវត្ត។
ការតម្កល់មឈូសគម្របកញ្ចក់បានត្រូវបញ្ចប់។ គេបានយកសាកសពរុំក្នុងកំណាត់សូត្រពណ៌ស ប្រើមឈូសឈើ និងយកទៅបូជានៅទីដ៏ឆ្ងាយជាសម្ងាត់។
គេអះអាងថានេះជារឿងពិតរបស់កូនស្រីលោកហួដែលគេធ្លាប់ផលិតកុនជាង៥០ឆ្នាំមកហើយនោះ។ គ្មានអ្នកណានិយាយពីភរិយាលោកហួទេ តែអ្នកខ្លះថាគាត់មានគ្រួសារធំ មានប្រពន្ធច្រើន និងកូនច្រើនណាស់។ នេះជាប្រពៃណីធម្មតារបស់អភិជនចិន។
រហូតមកដល់ពេលនេះ នៅតែមានរឿងសំណួរជាច្រើន ដោយសារតែមិនមានភស្តុតាងជាផ្លូវការគួរឱ្យទុកចិត្តបានជុំវិញរឿងខ្មោចនេះ តែរាល់មនុស្សដែលទៅទស្សនាសារមន្ទីរមួយនោះ តែងតែនឹកឃើញពីរឿងនិទានកូនស្រីលោកហួ។
កាលពីជំនាន់នោះ ជំងឺឃ្លង់ត្រូវគេស្គាល់ថាជាជំងឺអ្នកមាន។
ទោះបីឃ្លង់ជាជំងឺឆ្លងយ៉ាងសាហាវ ប៉ុន្តែមិនមែនជំងឺតំណពូជទេ។ មានន័យថាឪពុកម្ដាយឈឺ មិនពិតថានឹងផ្ដល់បន្តដល់កូនឡើយ។ គេហៅវាថា Hansenហង់សិន ដែលជាឈ្មោះរបស់វេជ្ជបណ្ឌិតម្នាក់បានរកឃើញជំងឺនេះនៅឆ្នាំ១៨៧៣ តាមរយៈមីក្រូទស្សន៍។ គាត់គឺគ្រូពេទ្យជនជាតិន័រវែស Armauer Henrick Hansen ។
បច្ចុប្បន្ននេះ ថ្នាំព្យាបាលជំងឺឃ្លង់មានប្រសិទ្ធិភាពខ្ពស់ណាស់ មនុស្សកើតឃ្លង់មិនចាំបាច់ស្លាប់នឹងជំងឺនេះទៀតទេ។
ទោះបីសៃហ្គនជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើបមួយនៅអាស៊ីកាលពីសម័យនោះ ប៉ុន្តែមានកំណត់ហេតុមកថាក្នុងឆ្នាំ១៩២០ ក្រុងនេះពិតជាបានទទួលរងការវាយប្រហារដ៏គំហុកនៃរោគឃ្លង់ ហើយបានបំផ្លាញជីវិតមនុស្សជាច្រើន ក្នុងចំណោមនោះក៏មានកូនស្រីអភិជនហួនេះមែន។
ជាអកុសល មានព័ត៌មានពិតតិចតួចណាស់ដែលត្រូវបានគេរកឃើញសេសសល់ទាក់ទិនជាមួយក្រុមគ្រួសារនេះ ដោយសារតែវៀតណាមបានឆ្លងកាត់សង្គ្រាមត្រាំត្រែងរវាងរដ្ឋភាគខាងជើង និងខាងត្បូងនៅឆ្នាំ១៩៥៤ ហើយសង្គ្រាមបានផ្ទុះពេញទំហឹងក្នុងឆ្នាំ១៩៧០ រហូតដល់ចុងក្រោយ គឺការដួលរលំនៃរបបមូលធននិយមសៃហ្គន ហើយអំណាចបានទៅលើដៃកម្លាំងវៀតមិញនៃរដ្ឋភាគខាងជើងក្នុងឆ្នាំ១៩៧៥។
ការបង្រួបបង្រួមវៀតណាមជាប្រទេសកុម្មុយនិស្តមួយ កាន់តែធ្វើឱ្យវណ្ណៈមូលធននិយមទាំងអស់នៃទីក្រុងនេះបាត់បង់ឈ្មោះពីប្រទេស ហើយឯកសារនានាទាក់ទងនឹងពួកគេត្រូវបានហាមឃាត់ក្នុងការចែកចាយ ឬវិភាគ។ សូម្បីសម្បត្តិទាំងអស់ក៏ត្រូវបានរឹបអូសជារបស់រដ្ឋ។ អ្នករកស៊ីទាំងឡាយបានបែកខ្ញែកគ្នាទៅកាន់លោកខាងលិច ហើយខ្លះទៀតត្រូវបានគេដឹងថាបានស្លាប់ដោយសារសង្គ្រាម ឬធ្វើអត្តឃាតក្រោយពេលអ្វីៗគ្រប់យ៉ាងត្រូវបានរឹបអូស។
ក្រោមកំណែទម្រង់ដែលមានឈ្មោះថា ឌយម៉ឺយ ប្រែមកថាការផ្លាស់ប្ដូរក្នុងឆ្នាំ១៩៨៧ ផ្ទះខ្មោចដ៏ល្បីនោះត្រូវបានរដ្ឋាភិបាលសម្រេចប្រែក្លាយទៅជាសារមន្ទីរជំនួសវិញ។
កូនប្រុសៗរបស់លោកហួដែលមានកំណត់ត្រាពីការទៅរៀននៅអឺរ៉ុប និងអាមេរិកត្រូវបានគេដឹងថាមានញាតិជំនាន់ក្រោយរស់នៅទីនោះ ប៉ុន្តែពួកគេមិនបានចេញមុខអ្វីទៀតឡើយ។ បទចម្រៀងជាច្រើនពីប្រទេសវៀតណាមក៏ត្រូវបានគេនិទានពីភាពលន្លង់លន្លោចនៃគ្រួសារនេះផងដែរ។
មានអ្នកស្រាវជ្រាវជាច្រើនបន្តបន្ទាប់គ្នាដែលបានទៅកាន់ផ្ទះរបស់លោកហួ ហើយបើកការស្រាវជ្រាវនៅលើរចនាបថដើម្បីស្រមៃទៅដល់ប្រវត្តិនៃវិមាននេះ។
ឯកសារជាច្រើនបានសរសេរថា វាត្រូវបានសាងសង់ឡើងក្នុងទម្រង់ជាអគារមួយប្រកបដោយលក្ខណៈពិសេសជាច្រើន។
ជាក់ស្ដែងភ្ញៀវទេសចរបានចូលតាមទ្វារដ៏ធំអមដោយបង្កាន់ដៃដែកសន្លឹក ជណ្ដើរថ្មម៉ាបអមដោយសសរបែបសិល្បៈឆើតឆាយបំផុតនាយុគសម័យនោះ។
មានគេនិយាយថាលោកហួបានកសាងវិមាននេះ បែរទៅរកច្រាំងទន្លេសម្រាប់កូនប្រុសរបស់គាត់ទាំងពីរឈរនៅលើយ៉ផ្ទះត្រួតពិនិត្យមើលទំនិញរបស់ខ្លួនដែលដឹកមកដល់កំពង់ផែទីក្រុងដែលជាកម្មសិទ្ធិរបស់គ្រួសារនេះ ហើយជញ្ជូនចូលទៅឃ្លាំងក្រោមដីនៅក្រោមមហាភូមិគ្រឹះ។
ករណីកូនស្រីពៅរបស់គាត់ត្រូវបានរងពាក្យចចាមអារ៉ាម មិនមែនផ្ដើមចេញតែពីពាក្យរបស់អ្នកក្នុងផ្ទះទេ ប៉ុន្តែអ្នកស្រុកអះអាងថា គេពិតជាបានឃើញនាងតូចរសាត់ហោះចុះឡើងតាមបណ្ដោយសាលដ៏ធំនៃជាន់ទីពីរដែលមានដំបូលរៀបជាក្រឡាក្បឿងដ៏ស្រស់ស្អាត និងមានតម្លៃនោះពិតមែន។
ឯកសារខ្លះអះអាងថា នៅមុនឆ្នាំ១៩៩០ ពេលដែលគេចូលទៅទស្សនាសារមន្ទីរនោះដំបូងៗ គេនៅអាចរកឃើញបន្ទប់ដែលមានចោះរន្ធសម្រាប់ដាក់បាយចូលទៅឱ្យស្រីជំទង់នោះ។ វាជាបន្ទប់ដ៏ស្អាត និងមានសង្ហារិមយ៉ាងស្ដុកស្ដម្ភជាងទីដទៃ។
ប្រែសម្រួលដោយ សយ វិសាល
កាដូបេះដូង Trackback
ផ្សាយក្នុងផ្នែក កាដូបេះដូង ដោយ sar.sokunthy កាលពី 138 days ago 36 Comments
សាយណ្ហសម័យព្រះអាទិត្យជះរស្មីពណ៌មាសបាចសាចមកលើឆ្នេរខ្សាច់មាត់សមុទ្រ កុមារីរៀនថ្នាក់សាលាមត្តេយ្យម្នាក់កំពុងអង្គុយសង់ប្រាសាទតូចៗធ្វើពីខ្សាច់។ រំពេចនោះ មានមនុស្សរត់ចូលមកពីខាងក្រោយខ្នង។ សំឡេងជើងស្រាលៗលាន់ឡើងរហូតសំឡេងនោះមកឈប់នៅខាងក្រោយខ្នងរបស់នាង។ កុមារីក្រោកឈរឡើង ហើយបែរខ្នងទៅរក។ រូបភាពចំពោះមុខគឺកុមារាតូចម្នាក់ផ្ទៃមុខសរលោងញញឹមយ៉ាងស្រស់ថ្លា នៅពេលបានជួបក្មេងស្រី។ ជាការពិតណាស់ គេគឺជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់នាង។
«តី! ថ្ងៃនេះ ខ្ញុំអានសៀវភៅមួយក្បាលពិបាកដល់ហើយ មានពាក្យស្អីគេនោះពិបាកខ្លាំងណាស់ ហើយម៉ាក់បង្រៀនខ្ញុំឱ្យចេះសរសេរទៀតផង!» គេពោលប្រាប់ដោយអារម្មណ៍រំភើប ហើយរត់ទៅរើសមែកឈើនៅក្បែរនោះ។
«ពាក្យអីទៅ?» កុមារីសួរដោយការចង់ដឹង។ បន្ទាប់មក គេក៏យកមែកឈើដែលគេកាន់គូសលើដីខ្សាច់ឱ្យកើតជាអក្សរ។
«ពាក្យនេះសរសេរពិបាកណាស់ ហើយវែងថែមទៀតផង!» រូបរាងអក្សររបស់ក្មេងប្រុសក្រវៀចក្រវៀនតាមបែបកូនក្មេងដែលទើបតែរៀនសរសេរដំបូង តែក៏ល្មមអាចអានពាក្យនោះបានថា “ហទយវត្ថុ”។
កុមារីសម្លឹងតួអក្សរដែលក្មេងប្រុសសរសេរលើដីខ្សាច់ដោយការយកចិត្តទុកដាក់។ កែវភ្នែកមូលធំគួរឱ្យស្រលាញ់បើកប្រិចៗ ខំផ្អៀងផ្អងមើលចុះមើលឡើង ចង់ប្រកបអាន តែអានមិនរួច ក៏ដាច់ចិត្តសួរ៖
«ពាក្យនេះគេអានថាម៉េចទៅ?»
«អូ! គេអានថា ហៈ-ទៈ-យៈ-វ៉ាត់-ថុ!»
«អ៊ីចឹង! ពាក្យនេះស្រដៀងឈ្មោះរបស់ខ្ញុំដែរ! ដួងឯងដឹងថាឈ្មោះពេញរបស់ខ្ញុំសរសេរយ៉ាងម៉េចទេ? ម៉ោ ខ្ញុំសរសេរឱ្យមើល!» ក្មេងស្រីតូចយកមែកឈើពីក្មេងប្រុសមកគូសវាសលើដីខ្សាច់ រហូតចេញជាអក្សរក្រវៀចក្រវៀនមួយពាក្យថាហឫទ័យ។
«ពាក្យនេះគេអានថាម៉េចទៅ?» ក្មេងប្រុសយកដៃអេះក្បាលធ្វើមិងមាំងខំប្រកបអាន តែអានមិនរួច។
«ស្រួលទេ ព្រោះជាឈ្មោះរបស់ខ្ញុំ ហើយអ្នកគ្រូហៅរាល់ៗថ្ងៃ! គឺគេអានថា ហៈ-រឹ-តី តែខ្ញុំអត់ដឹងថាមានន័យថាម៉េចទេ! ចុះដួងឯងដឹងថាហទយវត្ថុស្អីគេនោះ បានន័យថាម៉េចទៅ?»
«ខ្ញុំក៏អត់ដឹងដែរ តែម៉ាក់ប្រាប់ថាពេលធំទៅដឹងហើយ!»
«អ៊ីចឹង យើងខំញ៉ាំបាយឱ្យច្រើនៗទៅ ដើម្បីឆាប់ធំ ហើយដួងឯងត្រូវយកហទយវត្ថុនោះមកឱ្យខ្ញុំមើលផងណា៎!» ក្មេងស្រីបញ្ជាក់។
កែវភ្នែកមូលថ្លាសម្លឹងគេដោយក្ដីសង្ឃឹមថានឹងបានឃើញអ្វីដែលហៅថាហទយវត្ថុនោះ។
ក្មេងប្រុសអល់អែកមួយសន្ទុះ មុននឹងឆ្លើយថា៖
«បាន! ចាំខ្ញុំទៅរកមកឱ្យមើល តែចាំខ្ញុំធំសិន ឥឡូវខ្ញុំនៅតូចណាស់ មិនទាន់អាចទៅរកអ្វីដែលហៅថា ហទយវត្ថុ មកឱ្យតីឯងមើលបានទេ!»
«បាន! ខ្ញុំនឹងរង់ចាំ តែឥឡូវមកជួយសង់ប្រាសាទខ្សាច់ខ្ញុំសិនម៉ោ ខ្ញុំសង់ជិតហើយហើយ!» ក្មេងស្រីនិយាយ ព្រមទាំងចង្អុលទៅគំនរខ្សាច់ និងកូនប្រាសាទតូចៗដែលខ្លួនបានសាងសង់។
ក្មេងប្រុសនិងក្មេងស្រីអាយុ៥ឆ្នាំស្របាលគ្នា ជួយគ្នាសង់ប្រាសាទនៅមាត់សមុទ្រ។
ពួកគេទាំងពីរជាមិត្តភ័ក្ដិដែលស្និទ្ធស្នាលនឹងគ្នាខ្លាំងបំផុត។ ហឫទ័យជាបុត្រីទោលរបស់សេដ្ឋីប្រាក់លាន ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ ចំណែកដួងជាកូនប្រុសតែម្នាក់គត់របស់កំពូលវិស្វករដ៏ល្បីឈ្មោះម្នាក់នៅស្រុកខ្មែរដែរ។
«ខ្ញុំសង់រួចហើយ!»
«យេ! អស្ចារ្យណាស់!»
ក្មេងទាំងពីរសប្បាយចិត្តជាខ្លាំង នៅពេលឃើញប្រាសាទដែលខ្លួនសង់ពីខ្សាច់លេចចេញជារូបរាង។
«មែនហើយតី! ក្នុងប្រាសាទត្រូវតែមានព្រះនាងនៅ មែនទេ? អ៊ីចឹង តីឯងត្រូវតែធ្វើជាព្រះនាងដែលរស់នៅក្នុងប្រាសាទ ចំណែកខ្ញុំគឺជាព្រះរាជបុត្រដែលចាំការពារព្រះនាងពីពួកសត្រូវ ល្អទេ?»
«អឺ! ប៉ុន្តែព្រះរាជបុត្រត្រូវតែការពារព្រះនាងឱ្យល្អណា?»
«ដើម្បីព្រះនាងតូចរបស់ខ្ញុំ ទូលបង្គំធ្វើបានទាំងអស់!» ក្មេងទាំងពីរញញឹមដាក់គ្នាសើចកាច់ករៀងៗខ្លួន។
បន្ទាប់ពីព្រះអាទិត្យប្ដូរពណ៌ពីលឿងទៅជាក្រហមឆ្អិនឆ្អៅជិតអស្ដង្គត កុមារទាំងពីរក៏នាំគ្នាងើបចេញពីប្រាសាទខ្សាច់នោះ ហើយដើរត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ថ្ងៃយប់ផ្លាស់ប្រែយ៉ាងឆាប់រហ័ស១៨ឆ្នាំ ក៏បានកន្លងផុតទៅ…
«តី! បងដឹងហើយថាហទយវត្ថុ មានន័យដូចម្ដេច? ហទយវត្ថុគឺបេះដូង ហើយបងនឹងប្រគល់បេះដូងរបស់បងជូនអូនតែម្នាក់គត់! បងស្រលាញ់អូនណាស់តី!» ដួងសាសព្ទភាសាស្នេហ៍ចំពោះហឫទ័យ នៅពេលអ្នកទាំងពីរស្ថិតនៅជាមួយគ្នានៅកន្លែងដើម… កន្លែងអនុស្សាវរីយ៍របស់អ្នកទាំងពីរ។ព្រះអាទិត្យដែលហៀបនឹងអស្ដង្គតនាពេលសន្ធិយាជះរស្មីភ្លឺផ្លេកមកលើផ្ទៃសមុទ្រ បង្កើតបានជាបរិយាកាសមួយដ៏សែនរ៉ូមែនទិកសម្រាប់គូស្នេហ៍មួយគូនេះ។
«តែខ្ញុំមានបេះដូងខ្លួនឯងស្រាប់ហើយ! បងឯងមិនដឹងទេអី ថាឈ្មោះហឫទ័យរបស់ខ្ញុំនេះ ក៏មានន័យថាបេះដូងដែរ!»
«តែបើបេះដូងយើងទាំងពីររួមគ្នា យើងនឹងបានបេះដូងមួយទៀត ឈ្មោះថាដួងហឫទ័យ គឺជាបេះដូងថ្មីដែលមានជីវិតស្នេហ៍អមត! ព្រមស្រលាញ់បងទៅណា៎! ណា៎! ណា៎!»
«ក៏…បាន!»
«ជយោ!» ដួងលោតកញ្ឆេងត្រេកអរនឹងចម្លើយរបស់ហឫទ័យ មុននឹងងាកមកញញឹមរីកថ្ពាល់ និយាយនឹងនាងបន្ត «អូនដឹងទេថាថ្ងៃនេះជាថ្ងៃអ្វី?»
«ថ្ងៃអីទៅ?» ហឫទ័យធ្វើភ្នែកឆ្ងល់។
«Happy Valentine’s Day!» កំលោះពោលឡើងយ៉ាងផ្អែមត្រជាក់ ព្រមទាំងហុចផ្កាកុលាបពណ៌ក្រហមស្រស់ជូនចំពោះម្ចាស់ស្នេហ៍។
«មនុស្សឆ្កួត! កុំមកធ្វើស្វីតជាមួយខ្ញុំអី ខ្ញុំមិនចូលចិត្តទេ!» ហឫទ័យគំហកដាក់ដោយក្ដីគ្នាន់ក្នាញ់ ចំណែកដួងបានត្រឹមតែឈរអេះក្បាលដោយក្ដីអៀនប្រៀន។
«មិនឱ្យស្វីតម្ដេចបាន ថ្ងៃនេះជាទិវានៃក្ដីស្រលាញ់ ហេតុអ្វីព្រះអង្គម្ចាស់ស្វីតដាក់ព្រះនាងតូចរបស់ខ្លួនមិនបាន?» ថ្វីបើសម្ដីហូរដូចទឹក តែដួងនៅតែមិនអាចលាក់អាការអៀនរបស់គេបាន។
ហេតុអ្វីមនុស្សប្រុសពេលអៀន គួរឱ្យអស់សំណើចយ៉ាងនេះ? មើលចុះគេគិតតែអេះក្បាលធ្វើមុខស្ញេញស្ញាញ រកតែកន្លែងលាក់ដៃក៏មិនបាន សង្ស័យបើអាចជ្រែកដីបាន ជ្រែកទៅបាត់យូរហើយ។
«ឥឡូវក៏ចេះស្វីតដូចគេដែរហ្ន៎ អភិវឌ្ឍច្រើនតើនៀក!» ហឫទ័យនិយាយបណ្ដើរ លូកដៃទៅបូតច្រមុះដួងបណ្ដើរ។ ចំណែកដួងបានត្រឹមតែញញឹមខ្ជឹប ខំព្យាយាមលាក់បាំងអាការអៀនប្រៀនរបស់គេ។
«ដឹងអត់ថាបងស្រលាញ់អូនប៉ុណ្ណា?» ដួងនិយាយ ហើយក៏ចាប់ដៃហឫទ័យមកគូររូបបេះដូងយ៉ាងធំនៅលើបាតដៃនាង។
ពេលនេះ ហឫទ័យក៏ចាប់ផ្ដើមមុខក្រហមបណ្ដើរៗដែរ កាលបើបុរសជាទីស្នេហានៅតែបន្តប្រើវិធីសាស្ត្រគ្រប់ជំពូកមកលែបខាយដាក់នាង។
«យ៉ាងម៉េចហ្នឹង…? បងមកគូររូបបេះដូងដាក់ត្រង់នេះ ខ្ញុំដូចជាមិនសូវជ្រាបសេចក្ដីស្រលាញ់របស់បងសោះ!» ហឫទ័យធ្វើជាមិនចាប់អារម្មណ៍ និងនៅតែនិយាយបង្អាប់ដួងលេង។
«អូនចាំតែមើលចុះ! ថ្ងៃណាមួយ បងនឹងគូររូបបេះដូងឱ្យដិតជាប់នឹងខ្លួនរបស់អូនតែម្ដង… ដើម្បីឱ្យសេចក្ដីស្រលាញ់របស់បងបានជ្រួតជ្រាបពេញរាងកាយអូន!» ដួងនិយាយយ៉ាងម៉ឺងម៉ាត់។ កំលោះសម្លឹងមុខហឫទ័យ ហើយក្រសោបរាងកាយនាងមកឱបយ៉ាងណែន…
ថ្ងៃណាមួយ ដួងនឹងសរសេរពាក្យស្រលាញ់នៅក្នុងបេះដូងរបស់ហឫទ័យឱ្យបាន…
ក្រោមដើមឈើធំមានម្លប់ត្រឈឹងត្រឈៃ តុថ្មជាច្រើនត្រូវបានរៀបជាជួរតាមលំដាប់ ទុកសម្រាប់សិស្សនិស្សិតអង្គុយលេងក្រោយម៉ោងសិក្សា។ និស្សិតនាំគ្នាអង្គុយជាក្រុមៗ ខ្លះជជែកគ្នា ខ្លះអានសៀវភៅ និងខ្លះទៀតប្រឡែងគ្នាលេង។
«ដួង ថ្ងៃនេះអូនត្រូវទៅធ្វើសារណាជាមួយមិត្តភ័ក្ដិហើយណា អត់បានទៅដើរលេងជាមួយបងទេ!» ហឫទ័យនិយាយបណ្ដើរ រៀបចំសៀវភៅបណ្ដើរ។
«ទៅធ្វើសារណាជាមួយនរណា?» ដួងងើយមុខឡើងសម្លឹងហឫទ័យមួយរំពេច។
«ទៅជាមួយវិជ្ជនីនិងនីដាតើ! ទៅតែមួយភ្លែតទេ! ណាៗៗ?» ហឫទ័យឆ្លើយ ហើយដើរទៅអង្គុយក្បែរដួងអង្រួនដៃ ដូចកូនក្មេងរំអួយអង្វរមនុស្សចាស់។
«ឱ្យបងជូនទៅទេ បងទំនេរតើ?» ដួងញញឹមនិយាយ ព្រមទាំងលូកដៃអង្អែលសក់ហឫទ័យថ្នមៗ។
«មិនបាច់ទេ! បន្តិចទៀតនីដាយកឡានមកទទួលអូនហើយ!»
«នែ៎! ពេលញ៉ាំបាយហើយ កុំភ្លេចលេបថ្នាំណា៎! យល់ទេ? ហើយពេលត្រឡប់មកដល់ផ្ទះ កុំភ្លេចទូរសព្ទប្រាប់បងផង!» ដួងប្រាប់នារីជាសង្សារ ហើយសម្លឹងនាងដោយទឹកមុខម៉ឺងម៉ាត់។
«ចាស! លោកចៅហ្វាយ… បញ្ជានោះបញ្ជា!» ហឫទ័យញញឹម ព្រមទាំងធ្វើមុខគួរឱ្យគ្រឺតតបទៅវិញ។
មុននឹងចាកចេញ នាងមិនភ្លេចបូតច្រមុះដួងទាល់តែបុរសស្រែកយ៉ៃ ទើបព្រមលែងរួចញាក់មុខដាក់រត់ចេញទៅ។ ដួងបានត្រឹមតែគ្រវីក្បាលហួសចិត្តនឹងចរិតកូនក្មេងរបស់សង្សារខ្លួនដែលគ្រវីដៃដាក់គេ មុននឹងបើកទ្វាររថយន្តជិះចេញទៅជាមួយមិត្តភ័ក្ដិ។
«វិជ្ជនី សង្សារឯងយ៉ាងម៉េចហើយវ៉ី?» នីដាបន្លឺសួរកណ្ដាលភាពស្ងប់ស្ងាត់ខណៈដែលខ្លួនកំពុងបញ្ជារថយន្ត។
«ឈឺក្បាលចង់ស្លាប់! ព្រាននារីគ្មាននរណាដូចទេ!» វិជ្ជនីគ្រវីក្បាលនិយាយហាក់ហួសចិត្តនឹងសង្សារខ្លួនឯងពន់ប្រមាណ។
«ហេតុអីមិនបែកគ្នាតែម្ដងទៅ ដើម្បីកុំឱ្យនៅត្រាំត្រែងបែបនេះ?» នីដាផ្ដល់យោបល់ និងសម្លឹងមុខមិត្តសម្លាញ់ម្ដងម្កាលតាមកញ្ចក់រថយន្ត។
«ហ៊ឺយ… ផ្ដល់ឱកាសឱ្យគេម្ដងទៀតចុះ!» វិជ្ជនីដកដង្ហើមធំផ្ដេកក្បាលនឹងកញ្ចក់រថយន្ត បែរមុខសម្លឹងទៅក្រៅនឹកហួសចិត្តនឹងសង្សារ។
«ផ្ដល់ឱកាស! ផ្ដល់ឱកាស! នេះមិនមែនទើបតែម្ដងទេ តែវាចូលដល់លានដងហើយ!» សំឡេងសើចផ្ទុះឡើងព្រមៗគ្នាពេញរថយន្ត។
«ចុះអាតីវិញ? ល្បីថាសង្សារឯងពូកែយកចិត្តណាស់មែនទេ?» នីដាងាកទៅសួរមិត្តសម្លាញ់ដែលអង្គុយទន្ទឹមនាងម្ដង។
«អូយ! តាប៉ិនេះមិនដឹងប៉ុន្មានឆ្នាំហើយទេ នៅតាមចាប់ថ្នាក់មិនបានសោះថាលួចទៅមានក្រៅឯណាខ្លះ!» ហឫទ័យនិយាយញញឹមញញែមដាក់នីដា។
«ប្រែបានពីរយ៉ាង… បើសង្សារឯងមិនស្រលាញ់ឯងតែម្នាក់ទេ គឺគេពូកែណាស់ដែលអាចបោកប្រាស់ឯងបានរាប់ឆ្នាំ!» សំឡេងសើចផ្ទុះឡើងម្ដងទៀតពេញរថយន្ត។
គ្រឺត…!!!
សំឡេងអូសកង់រថយន្តលាន់ឡើងយ៉ាងវែងចេញពីចំហៀងម្ខាង។ មនុស្សនៅក្នុងរថយន្តទាំងអស់ងាកទៅមើលព្រមៗគ្នា។ រថយន្តកុងតឺន័រមាឌយក្សស្ទុះបោលសំដៅមកបុករថយន្តរបស់នីដាពេញទំហឹង។ កញ្ចក់រថយន្តបែកខ្ចាត់ខ្ចាយពេញថ្នល់។ កន្លែងអង្គុយផ្នែកខាងមុខស្រុញចូលជ្រៅអស់ពាក់កណ្ដាល… រាងកាយស្ដូកស្ដឹងរបស់ហឫទ័យនៅតែគ្មានសតិក្នុងកូនរថយន្ត ហើយឈាមហូរចេញយ៉ាងគំហុកឥតឈប់។ មច្ចុរាជអាចឆក់យកជីវិតនាងបានគ្រប់វិនាទី…
ព្រឹកព្រហាម ព្រះអាទិត្យបញ្ចេញរស្មីអែៗ ចាំងឆ្លុះចូលតាមបង្អួចមកក្នុងបន្ទប់។ រាងកាយរបស់នារីម្នាក់ដេកស្ដូកស្ដឹងនៅលើគ្រែ។ ខ្សែសឺរ៉ូមនិងប៉ង់ស៊ីម៉ង់ ចងព្យួរខ្វាត់ខ្វែងលើរាងកាយធ្វើឱ្យពិបាកមើលនឹងភ្នែកជាខ្លាំង។
«អាតី… អាតី…» សំឡេងខ្សឹបតិចៗក្បែរត្រចៀកធ្វើឱ្យអ្នកជំងឺបើកភ្នែកឡើងសន្សឹមៗ។
«ខ្ញុំនៅទីណា?… អូយ…ឈឺខ្លួនណាស់…» ហឫទ័យខំប្រឹងបង្ហើបមាត់សួរខ្សាវៗទាំងអារម្មណ៍នៅធេងធោង និងឈឺស្ពឹកពេញប្រាណ។
«ធ្វើចិត្តឱ្យត្រជាក់ៗ អាតីឯងសន្លប់អស់ពីរខែហើយណា៎!»
«… ២ខែ?» ហឫទ័យស្ទើរតែមិនជឿត្រចៀកខ្លួនឯង។
បន្ទាប់មកនីដាក៏ពន្យល់ហេតុការណ៍គ្រប់យ៉ាងដែលបានកើតឡើងឱ្យហឫទ័យស្ដាប់…
«អ៊ីចឹងបានន័យថាខ្ញុំគ្រោះថ្នាក់តែឯងទេមែនទេ?» ហឫទ័យព្យាយាមនិយាយ។ សំឡេងរបស់នាងឮសូរខ្សាវៗស្ទើរតែស្ដាប់មិនឮ។
«អ្ហឺម…» នីដាងក់ក្បាលតិចៗ ក្ដោបដៃមិត្តសម្លាញ់យ៉ាងណែន។
«ចុះដួង? ដួងនៅឯណា?» ហឫទ័យទើបតែនឹកឃើញសង្សារ ហេតុអ្វីមិនឃើញគេមកមើលនាងអ៊ីចឹង?
«គឺ… គឺគេមកមើលឯងតែម្ដងគត់… ក្នុងថ្ងៃគ្រោះថ្នាក់… ហើយក៏បាត់ស្រមោលឈឹងតែម្ដង!» នីដានិយាយបណ្ដើរ លូកដៃអង្អែលស្មាមិត្តសម្លាញ់បណ្ដើរ ក្នុងន័យលួងលោមចិត្តមិនឱ្យនាងគិតច្រើន
«មិនអីទេណា៎… គ្មានគេ ក៏យើងអាចរស់នៅបានដែរ តើពិតទេមិត្តសម្លាញ់?» នីដាព្យាយាមនិយាយលួងលោមហឫទ័យដែលមានទឹកភ្នែកហូររឹមៗកាត់ផែនថ្ពាល់សម៉ដ្ឋ។
«អ្ហឺម…» ហឫទ័យក្ដាប់មាត់ងក់ក្បាល តែទឹកភ្នែកកាន់តែហូរចេញមកច្រើនឡើងៗដូចទឹកបាក់ទំនប់។
សម្ដីរបស់នីដាពេលនិយាយគ្នានៅក្នុងរថយន្តប្រហែលជាការពិតហើយ គេពូកែណាស់… ពូកែណាស់ដែលបោកប្រាស់សេចក្ដីស្រលាញ់របស់ហឫទ័យអស់ជាច្រើនឆ្នាំ! ពូកែណាស់ដែលកុហកថាមាននាងតែម្នាក់… ហេតុអ្វីមនុស្សប្រុសលើផែនដីដូចតែគ្នាទាំងអស់បែបនេះ! ស្ដាយណាស់… ស្ដាយពេលវេលាដែលនៅជាមួយគ្នា… ស្ពាយណាស់សេចក្ដីស្រលាញ់ដែលប្រគល់ឱ្យគេ… មែនហើយ! មកពីខ្ញុំល្ងង់ខ្លួនឯង! ល្ងង់ជឿសម្ដីប្រុសព្រានដូចគេ…
មួយខែកន្លងផុតទៅ ហឫទ័យនៅតែមិនអាចដើរបានដដែល តែខណៈនោះ នារីកម្សត់បានស្គាល់គ្រូពេទ្យម្នាក់ដែលចាំជួយមើលថែនាង និងនាំនាងហាត់ដើររៀងរាល់ថ្ងៃ ដើម្បីនាងអាចដើរបានឡើងវិញ។
«សួស្តី! សុខភាពថ្ងៃនេះយ៉ាងណាដែរ?»
«ចាស! គ្រាន់បើបន្តិចហើយ អរគុណលោកណាស់!»
«ប្រយ័ត្នដួលណាទប់ខ្ញុំឱ្យជាប់!»
គ្រូពេទ្យកំលោះដើរយឺតៗដើម្បីឱ្យហឫទ័យតោងដៃដើរតាម។ ហេតុអ្វី… គ្រូពេទ្យម្នាក់នេះមិនមែនជារូបគេទៅវិញ…
បុរសម្នាក់ដែលសន្យាថានឹងប្រគល់បេះដូងរបស់គេមកឱ្យនាងគ្រប់គ្រង។
«លោកគ្រូពេទ្យ ហេតុអ្វីបានជាខ្ញុំមិនអាចដើរបានដូចដើមអ៊ីចឹង?» តូចតន់សួរដោយក្ដីងឿងឆ្ងល់ ព្រោះរបួសនៅលើរាងកាយរបស់នាងនៅពេលនេះ ក៏ជាសះស្បើយអស់ហើយដែរ តែហេតុអ្វីបានជានៅតែមិនអាចដើរបានដូចដើមទៀត?
«ពុទ្ធោអ្នកនាង! អ្នកនាងមិនបានដើរដល់ទៅ៣ខែឯណោះ ដូច្នេះដៃជើង និងសរីរាង្គកាយរបស់អ្នកនាង គឺស្ពឹកស្រពន់អស់ទៅហើយ ដូច្នេះចាំបាច់ណាស់ត្រូវតែហាត់ដើរ រៀនដើរជាថ្មី ទើបអាចសង្ឃឹមដើរបានឡើងវិញ!» គ្រូពេទ្យកំលោះតបដោយសម្ដីសុភាពទន់ភ្លន់ ព្រមទាំងជួយគ្រានាងឱ្យរៀនដើរបណ្ដើរៗ។
ហឫទ័យងើបមុខឡើងសម្លឹងគ្រូពេទ្យដែលនៅកៀកនឹងគ្នាយ៉ាងស្និទ្ធ។
នាងភាំងបន្តិច មុននឹងបង្វែរអារម្មណ៍មកសួរគ្រូពេទ្យបន្លប់វិញ៖
«សុំទោស… តើលោកគ្រូពេទ្យប្រកាន់ទេ ប្រសិនបើខ្ញុំសុំស្គាល់ឈ្មោះលោកគ្រូពេទ្យផង?» តូចតន់ឈ្ងោកមុខចុះមិនហ៊ានប្រសព្វភ្នែក។
«បាទមិនអីទេ! ខ្ញុំរីករាយទៅវិញទេដែលមានអ្នកជំងឺរូបស្រស់សុំស្គាល់ឈ្មោះបែបនេះ! ហាសហា… គឺខ្ញុំឈ្មោះ ករុណា!» សម្ដីលេងសើចរបស់គ្រូពេទ្យធ្វើឱ្យអ្នកជំងឺក្រមុំប្រែមុខជាក្រហមប្រឿងៗ ហាក់មានអាថ៌កំបាំងអ្វីម្យ៉ាងកប់លាក់យ៉ាងជ្រៅនៅក្នុងសេចក្ដីអៀនប្រៀននោះ។
ចាប់តាំងពីថ្ងៃនោះ ហឫទ័យ និងគ្រូពេទ្យករុណាក៏ចាប់ផ្ដើមស្និទ្ធស្នាលនឹងគ្នាទ្វេឡើងជាលំដាប់។ រៀងរាល់ល្ងាច ករុណាតែងតែមកនាំហឫទ័យទៅរៀនដើរ និងធ្វើលំហាត់ប្រាណ រហូតសម្ពន្ធភាពរបស់ពួកគេទាំងពីរកាន់តែស្និទ្ធស្នាលឡើងជាលំដាប់។ មិនយូរប៉ុន្មាន ហឫទ័យក៏ជាសះស្បើយ អាចដើរបានដូចដើម ហើយក៏ចាកចេញពីមន្ទីរពេទ្យ។
ទោះបីជាហឫទ័យចេញពីមន្ទីរពេទ្យហើយក៏ដោយ ក៏ស្រស់ស្រីនៅតែទាក់ទងមកគ្រូពេទ្យករុណាដែលបានជួយសង្គ្រោះរូបនាងមិនសូវលស់ពេល។
ជាក់ស្ដែងថ្ងៃនេះ ធីតារូបស្រស់បានមករកកំលោះដល់មន្ទីរពេទ្យដើម្បីណាត់ញ៉ាំបាយថ្ងៃត្រង់។
«សូមអញ្ជើញញ៉ាំទឹកសិនអ្នកនាង!» គិលានុបដ្ឋាយិកាលើកកែវទឹកមកជូនហឫទ័យ ខណៈដែលរូបនាងកំពុងអង្គុយរង់ចាំគ្រូពេទ្យករុណាត្រង់កន្លែងទទួលភ្ញៀវ។ តូចតន់ញញឹមទទួលដោយមេត្រីតែពុំចេញស្ដីថាដូចម្ដេច លុះត្រាក្រឡេកឃើញបុរសដែលខ្លួនប្រាថ្នាចង់ជួបដើរចេញមក។
«លោកគ្រូពេទ្យ ថ្ងៃនេះខ្ញុំមកប៉ាវបាយណា៎! ទំនេរដៃហើយមែនទេ?» ហឫទ័យរាក់ទាក់នៅពេលឃើញបុរសបង្ហាញខ្លួន។
«បាទទើបតែរួចដៃ អ៊ីចឹងឆ្ងាញ់មាត់ហើយខ្ញុំថ្ងៃនេះ បានអ្នកនាងមកប៉ាវបាយដល់កន្លែងបែបនេះ! សូមអញ្ជើញ!» ករុណាញញឹមតប ព្រមទាំងលើកដៃបង្ហាញផ្លូវទៅកាន់អាហារដ្ឋានក្នុងមន្ទីរពេទ្យ «មួយរយៈនេះ តើអ្នកនាងសុខសប្បាយទេ?»
«ចាស! សុខសប្បាយធម្មតាទេ ប៉ុន្តែបេះដូងខ្ញុំចេះតែលោតញាប់ខុសប្រក្រតីយ៉ាងម៉េចក៏មិនដឹងពេលដែលនៅឆ្ងាយពីលោក!» ហឫទ័យនិយាយលេងទេ តែមុខប្រែពណ៌ឡើងក្រហមដូចម្ទេសទុំទៅហើយ។
«ហាសហា… ពិតមែនឬ? សង្ស័យបេះដូងនេះត្រូវការខ្ញុំព្យាបាលបន្ថែមហើយ ឬមួយមកពីម្ចាស់វាខ្វះភាពកក់ក្ដៅទេដឹង?»
«ហាសហា… ខ្ញុំក៏មិនដឹងដូចគ្នា…»
ករុណានិងហឫទ័យកាន់តែស្និទ្ធស្នាលនឹងគ្នាជាលំដាប់…
រហូតពេលខ្លះរូបនាងក៏នឹកចង់ឱ្យបុរសម្នាក់នេះ មកជំនួសកន្លែងរបស់ដួងដែលបោះបង់រូបនាងចោលដោយគ្មានអាឡោះអាល័យ។ តែតើនាងអាចធ្វើអ្វីបាន បើសូម្បីតែពេលនេះ រូបនាងផ្ទាល់ក៏មិនអាចយល់ភាសាបេះដូងរបស់ខ្លួនឯងផងនោះ?
ចិត្តមួយចង់បំភ្លេចគេ តែចិត្តមួយទៀតចង់នៅរង់ចាំគេ ព្រោះមានកូនចិត្តមួយនៅសង្ឃឹមតិចៗថា គេអាចនឹងវិលមករកនាងវិញនៅថ្ងៃណាមួយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ដួងមិនដែលទាក់ទងមកនាងសោះសូម្បីតែម្ដង។
គ្រប់ពេលដែលហឫទ័យចង់និយាយជាមួយគេក៏គេមិនដែលទូរសព្ទមក។គ្រប់ពេលដែលរូបនាងអង្គុយឯកោម្នាក់ឯង ចង់មានគេអង្គុយកំដរ ក៏មិនដែលឃើញគេអើតមកដែរ។ តើគេទៅដល់ណាហើយ??? ឯណាបេះដូងដែលគេថាប្រគល់មកឱ្យនាងថែរក្សា? ឯណាបេះដូង ដែលគេថាស្មោះស្ម័គ្រនឹងនាងតែម្នាក់? ឯណាបេះដូងដែលគេធ្លាប់គូរនៅលើបាតដៃ ហើយសន្យាថានឹងគូរលើបេះដូងនាងវិញ? សង្ស័យបេះដូងរបស់គេបានព្រាត់ប្រាសបាត់ទៅហើយ… គឺព្រាត់ប្រាសទៅជាមួយមនុស្សប្រុសកុហក… មនុស្សប្រុសព្រាននារី! ឬមួយបុរសនៅលើលោកនេះ សុទ្ធតែដូចគ្នា?
………………………
Valentine’s Day ឆ្នាំថ្មី កាន់តែខិតជិតចូលមកដល់។ តែឆ្នាំនេះមិនដូចឆ្នាំមុន… ព្រោះគ្មានបុរសឈ្មោះដួងទិញផ្កាកុលាបពណ៌ក្រហមស្រស់មកជូនហឫទ័យដូចមុនទៀត។ គ្មានមនុស្សប្រុសដែលអៀនឡើងខ្មូរមុខ ដោយគ្រាន់តែនិយាយពាក្យស្រលាញ់ប្រាប់សង្សារ…
«អាឡូ! តើថ្ងៃ១៤កុម្ភៈនេះ អ្នកនាងទំនេរទេ?» សំឡេងគ្រូពេទ្យករុណាលាន់ឡើងតាមទូរសព្ទ។
«ចាស ទំនេរ… តើលោកមានការអ្វីដែរ?» ហឫទ័យសួរដោយសំឡេងស្មើៗ។
«បាទ គឺខ្ញុំមានកាដូពិសេសមួយសម្រាប់ជូនអ្នកនាង! អ៊ីចឹងសម្រេចថាម៉ោង៣ ថ្ងៃវ៉ាលិនថាញ យើងជួបគ្នានៅហាងកាហ្វេក្បែរមន្ទីរពេទ្យណា៎!»
«ចាស យល់ព្រម…»
ហឫទ័យឆ្លើយយល់ព្រមទាំងអារម្មណ៍រវើរវាយ។ ចិត្តមួយហោះហើរទៅរកអតីតកាលដ៏សែនឈឺចាប់។ ចិត្តមួយទៀតអណ្ដែតអណ្ដូងទៅរកអនាគតដ៏ផ្អែមល្ហែមក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងចិត្តពេញប្រៀបដោយក្ដីសង្ឃឹម… សង្ឃឹមថាករុណានឹងអាចចូលមកជំនួសកន្លែងរបស់ដួងបាន…
ថ្ងៃនៃក្ដីស្រលាញ់ ថ្ងៃដែលផ្កាកុលាបរីកស្គុះស្គាយទូទាំងពិភពលោក។ តាមដងវិថីនានាមានគេដាក់លក់ផ្កាកុលាបគ្រប់ប្រភេទ គ្រប់ពណ៌តាមតម្រូវការរបស់អតិថិជន។ អ្នកលក់ទាំងអស់សុទ្ធតែមមាញឹកនឹងការខ្ចប់កាដូ និងផ្កាកុលាបជូនភ្ញៀវ ដែលភាគច្រើនសុទ្ធសឹងជាយុវវ័យ។ ផ្លូវខ្លះមានចរាចរណ៍កកកុញធ្វើឱ្យស្ទះម្ដងៗ ទម្រាំតែចេញផុត។ ថ្ងៃនៃក្ដីស្រលាញ់ធ្វើឱ្យពិភពលោកទាំងមូលជ្រួលច្របល់ស្ទើរតែក្រឡាប់ចាក់!
«សុំទោសផងដែលខ្ញុំមកយឺត!» ហឫទ័យពោលសុំទោស មុននឹងទាញកៅអីមកអង្គុយ។
«បាទ មិនអីទេ» ករុណាញញឹមយ៉ាងសុភាព។
«អឺម… ចុះលោកថាមានអ្វីចង់ជូនខ្ញុំឬ?»
តូចតន់ប្រញាប់ឈ្លេចសួរ មុននឹងក្រឡេកមើលបរិយាកាសនៅក្នុងហាងកាហ្វេដែលមានលម្អដោយផ្កាកុលាបចម្រុះពណ៌ខុសប្លែកពីសព្វដង។
«កុលាបមួយបាច់នេះសម្រាប់អ្នកនាង!» ករុណាហុចកុលាបក្រហមមួយបាច់ដែលលាក់ទុកខាងក្រោយខ្នងជូនហឫទ័យ។
នាងភ្ញាក់ផ្អើលនិងរំភើបជាខ្លាំងចំពោះកាដូដែលនឹកស្មានមិនដល់មួយនេះ។
«បានន័យថាម៉េច? ចង់សុំបេះដូងខ្ញុំឬ?» ហឫទ័យសួរលេងបន្លំមែននឹកអៀនតិចៗនឹងសំណួររបស់ខ្លួនឯង។ តែនាងគិតថាខ្លួនឯងអានល្បិចស្នេហារបស់ករុណាបានទាំងអស់។
«ខ្ញុំប្រហែលជាមិនហ៊ានសុំបេះដូងរបស់អ្នកនាងទេ…» ករុណានិយាយមួយៗ ទឹកមុខបង្កប់ន័យកំបាំងអ្វីម្យ៉ាងរហូតហឫទ័យអត់ឆ្ងល់មិនបាន។
«អេ… ចុះកុលាបក្រហមមួយបាច់នេះ…?» មិនទាន់ចប់សម្ដីរបស់នាងផង ករុណាក៏និយាយបន្តមួយរំពេច។
«ខ្ញុំមិនហ៊ានសុំបេះដូងរបស់អ្នកនាងទេ ពីព្រោះសូម្បីតែអ្នកនាង… ក៏គ្មានបេះដូងជារបស់ខ្លួនឯងដែរ!»
ធីតាស្រឡាំងកាំងដូចឆក់ខ្សែភ្លើង ហើយចាប់ផ្ដើមងឿងឆ្ងល់នឹងសម្ដីដែលពោរពេញដោយប្រស្នារបស់គេជាលំដាប់។ តើគេចង់បានន័យដូចម្ដេច?
«បេះដូងរបស់អ្នកនាងគឺជារបស់ម្ចាស់កុលាបក្រហមមួយបាច់នេះ!»
ករុណានិយាយបន្ត ខណៈដែលស្រស់ស្រីកាន់តែងឿងឆ្ងល់នឹងន័យអាថ៌កំបាំងនោះ។
«ពេលដែលអ្នកនាងជួបគ្រោះថ្នាក់ចូលមន្ទីរពេទ្យ អ្នកនាងបាត់បង់ឈាមច្រើនណាស់… បេះដូងរបស់អ្នកនាងមានចង្វាក់ខ្សោយស្ទើរតែឈប់លោត។ ក្រុមគ្រូពេទ្យ និងខ្ញុំព្យាយាមជួយសង្គ្រោះអ្នកនាងយ៉ាងអស់ពីសមត្ថភាពរៀងៗខ្លួន…» គេចាប់ផ្ដើមពន្យល់ហេតុការណ៍ដែលបានកើតឡើងក្នុងរាត្រីនោះ… ហេតុការណ៍ដែលនាង មិនធ្លាប់ដឹងទាល់តែសោះ។
«…មានបុរសម្នាក់ រត់ចូលមកប្រាប់ថា ជាសង្សាររបស់អ្នកនាង! គេប្រាប់ឱ្យជួយសង្គ្រោះអ្នកនាងឱ្យបាន ទោះជាអស់ប្រាក់ប៉ុន្មានក៏ដោយ… គេព្រមចំណាយទាំងអស់ មិនថាខាងយើងត្រូវការអ្វី គេស្វែងរកឱ្យបានទាំងអស់… សម្ដីរបស់គេធ្វើឱ្យខ្ញុំរំភើបនិងក្ដុកក្ដួលជាខ្លាំង…» ករុណាបង្អង់សម្ដីមួយសន្ទុះ… ហឫទ័យដឹងមួយរំពេចថាបុរសម្នាក់នោះជាអ្នកណា!
«គេប្រាប់ថាគេសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីដូរយកជីវិតនាង…» កំលោះនិយាយបន្តព្រមទាំងសម្លឹងភ្នែកហឫទ័យភាំងដោយក្តីអួលអាក់ ខណៈដែលរូបស្រីនៅរក្សាទឹកមុខស្រឡាំងកាំង និងងឿងឆ្ងល់ដដែល។
«គេពិតជាព្រមប្ដូរអ្វីៗគ្រប់យ៉ាងមែន… ដំបូងក្រុមគ្រូពេទ្យប្រាប់ថាខាងយើងមិនអាចរកឈាមគ្រប់គ្រាន់សម្រាប់អ្នកនាងទេ គេក៏រត់ទៅរកឈាមគ្រប់មន្ទីរពេទ្យទាំងអស់ តែគ្មានប្លោកឈាមណាមួយត្រូវនឹងឈាមអ្នកនាងសោះ…»
ករុណានិយាយដោយសំឡេងក្ងួរៗខ្សែភ្នែកសម្លឹងទៅឆ្ងាយគ្មានគោលដៅ។
«ចុងក្រោយ យើងពិនិត្យឈាមរបស់គេ ស្រាប់តែឃើញថាត្រូវនឹងឈាមអ្នកនាង!គេប្រាប់ឱ្យពួកយើងបូមយកប៉ុន្មានក៏យកទៅចុះយកទៅឱ្យអ្នកនាង… មិនបាច់បារម្ភពីគេទេ សំខាន់ឱ្យតែអ្នកនាងបានឆ្លងផុតពីគ្រោះថ្នាក់គឺគ្រប់គ្រាន់ហើយ…»
លោកគ្រូពេទ្យឈប់និយាយមួយសន្ទុះ ព្យាយាមទប់ទឹកភ្នែក… ខណៈដែលកែវភ្នែកធីតាកម្សត់ក៏ជន់ជោរដោយទឹកថ្លាៗ។
«បន្ទាប់មក… ពេលដែលពួកយើងបញ្ចូលឈាមឱ្យអ្នកនាង បេះដូងរបស់អ្នកនាងលោតកាន់តែខ្សោយទៅៗ រហូតគ្រូពេទ្យសម្រេចចិត្តដើរចេញទៅប្រាប់គេឱ្យធ្វើចិត្ត… ធ្វើចិត្តដែលគេត្រូវបាត់បង់រូបអ្នកនាង…»
កំលោះពេទ្យព្យាយាមរៀបរាប់បន្តដោយសំឡេងរអាក់រអួល ខណៈដែលភ្នែករបស់ហឫទ័យព្រិលស្រវាំងដោយទឹកនេត្រា។
«គេសួរគ្រូពេទ្យថាអ្នកនាងត្រូវការអ្វី?…» មែនហើយដួងសួរគ្រូពេទ្យថាហឫទ័យត្រូវការអ្វី?
«កាលនោះ អ្នកនាងត្រូវការបេះដូងថ្មីមកជំនួសបេះដូងចាស់របស់អ្នកនាងដែលលោតខ្សោយខុសពីប្រក្រតី! ការបញ្ចូលឈាមរបស់យើងបរាជ័យ ព្រោះយើងរកឈាមមកឱ្យអ្នកនាងយឺតពេក ហេតុនេះ អ្វីដែលអ្នកនាងត្រូវការនៅពេលនោះគឺបេះដូង!…កាលនោះ ក្រុមគ្រូពេទ្យយើងសង្ឃឹមថាគេនឹងបោះបង់ក្ដីសង្ឃឹមលើជីវិតអ្នកនាងចោល… ឈប់លេងហ្គេមនឹងមច្ចុរាជតទៅទៀត! តែពេលនោះ គេតបខ្លីៗដោយមិនស្ទាក់ស្ទើរអ្វីទាំងអស់ថានឹងទៅរកបេះដូងមកជូនអ្នកនាងឱ្យខានតែបាន ទាំងដែលដឹងថាមិនអាចទៅរួច… គេមិនរារែកសូម្បីតែមួយវិនាទីដើម្បីធ្វើជូនអ្នកនាងឡើយ! អ្នកនាងដឹងទេថាសម្ដីរបស់គេធ្វើឱ្យខ្ញុំ និងក្រុមគ្រូពេទ្យផ្សេងទៀតស្រឡាំងកាំងប៉ុណ្ណា? ខាងមន្ទីរពេទ្យគ្មានលទ្ធភាពរកបេះដូងមកជំនួសឱ្យអ្នកនាងបានផង តើគេមានបញ្ញាឯណាទៅរកបេះដូងមកឱ្យអ្នកនាងបាននោះ?» ករុណានិយាយបណ្ដើរ ព្យាយាមគេចខ្សែភ្នែកចេញពីហឫទ័យបណ្ដើរ…
មកដល់ត្រង់នេះ គ្រូពេទ្យកំលោះទប់ទឹកភ្នែកលែងបានទៀតហើយ។
«គេបានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យ ដោយសរសេរសំបុត្រតូចមួយទុកថាសូមប្រគល់បេះដូងមួយនេះជូនអ្នកនាង គឺគេបានបរិច្ចាគបេះដូងរបស់គេ ជូនអ្នកនាង…»
ខណៈដែលករុណានិយាយចប់ ហឫទ័យក៏ស្រែកយំហ៊ូដូចមនុស្សវិកលចរិត ដោយយកដៃស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួន… ខាងដែលមានបេះដូងរបស់បុរសដែលនាងធ្លាប់គិតថាជាព្រាននារីនៅក្នុងនោះ។ នាងយំកាន់តែខ្លាំង ទឹកភ្នែកហូរជោរជន់ដូចជំនន់ទឹកភ្លៀង គ្មានអ្វីអាចមកហាមឃាត់បាន។ភ្ញៀវដែលអង្គុយនៅតុជុំវិញនោះ សម្លឹងមកមើលនាងគ្រប់ៗគ្នា។ ការពិត… បុរសដែលហឫទ័យគិតថាជាព្រាននារីម្នាក់នោះ ជាម្ចាស់បេះដូងដែលកំពុងលោតនៅក្នុងរាងកាយរបស់នាងនៅពេលនេះ។
«គេពិតជាអាចលះបង់អ្វីៗដើម្បីអ្នកនាងពិតមែន…»
ករុណានិយាយបន្ត មុននឹងប្រមូលសម្ភារដែលដួងផ្ញើទុកនឹងគេ ប្រគល់មកឱ្យហឫទ័យ មានទាំងកូនម៉ាញ៉េកាសែតនិងកូនសំបុត្រតូចមួយ។
«ខ្ញុំពិតជាមិនហ៊ានសុំបេះដូងរបស់អ្នកនាងទេ… បេះដូងរបស់អ្នកនាងជារបស់គេ បេះដូងរបស់គេជារបស់អ្នកនាង…»
មែនហើយ បេះដូងរបស់ដួងជារបស់ហឫទ័យ… ជារបស់ហឫទ័យពិតមែន…
ពេលនេះបេះដូងរបស់នាងបានស្លាប់បាត់ទៅហើយ គឺស្លាប់ទៅជាមួយបុរសម្នាក់នោះ ស្លាប់ទៅជាមួយបុរសដែលពលិកម្មគ្រប់បែបយ៉ាងដើម្បីនាង។
«កុលាបមួយបាច់នេះ គេប្រាប់ខ្ញុំមុនទៅបន្ទប់ទឹកថា… ថ្ងៃក្ដីស្រលាញ់ឆ្នាំក្រោយ សូមជួយទិញផ្កាកុលាបក្រហមជូនអ្នកនាងមួយបាច់ផង… ដើម្បីបង្ហាញក្ដីស្រលាញ់ដែលគេមានចំពោះអ្នកនាង ហើយនេះ… ជាសំណូមពរចុងក្រោយរបស់គេ!» ករុណានិយាយបណ្ដើរយកកន្សែងដៃផ្ដិតទឹកភ្នែកបណ្ដើរ។
គេអង្គុយស្ងៀមក្នុងភាពស្ងប់ស្ងាត់មួយសន្ទុះ មុននឹងក្រោកចេញពីតុ ទុកឱ្យហឫទ័យកម្សត់នៅអង្គុយម្នាក់ឯង…
«ដួងស្រលាញ់ហឫទ័យ… ដួងស្រលាញ់ហឫទ័យ… ដួងហឫទ័យ… »
សម្ដីដដែលៗលាន់ឡើងចេញពីកូនម៉ាញ៉េតូច ជាសម្ដីតែមួយដែលនិយាយដដែលៗគ្មានការកាត់តពេញមួយកាសែត… ដោយមានបទភ្លេងដ៏លន្លង់លន្លោចអមជាមួយតិចៗ។ ហឫទ័យចាប់ផ្ដើមបើកសំបុត្រអាន… សំបុត្រដែលមានខ្លឹមសារត្រឹមតែបីបន្ទាត់…
«បេះដូងមួយនេះជាកាដូចុងក្រោយរបស់បងសម្រាប់អូនក្នុងថ្ងៃនៃក្ដីស្រលាញ់…សូមឱ្យបេះដូងរបស់ដួងក្លាយជាបេះដូងរបស់ហឫទ័យជានិច្ចនិរន្តរហើយសូមឱ្យបេះដូងរបស់យើងទាំងពីរស្ថិតនៅក្នុងរូបកាយតែមួយដែលមានឈ្មោះថាដួងហឫទ័យ…»
ចប់
ដោយ សួង ម៉ាក់
No comments:
Post a Comment