រឿង ដើមកំណើតរន្ទះ
កាលពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយ ឈ្មោះមេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាចនឹងនាងអារក្ខទេវីបានខំរៀនប្រណាំងប្រជែងគ្នា ដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃ ក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើនរណាប៉ិនប្រសប់ជាងគ្នា ។ ទើបលោកនិយាយទៅកាន់សិស្សថា "បើអ្នកណាមួយយកកែវមួយមានទឹក សន្សើមពេញមកឱ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឱ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់ " ។

រាមាសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើរនៅស្លឹកឈើនិងស្មៅផ្សេង ៗ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានលទ្ធផលល្អសោះ ។
ចំណែកឯនាងមេខលា ដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្តោក ៗ ហើយយកទៅដាក់ផ្តិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើ នឹងនៅលើស្មៅ ទាល់តែដុំឈើនោះជក់ទឹកនៅពេញទាំងអស់ ។ បន្ទាប់មកនាងអារក្ខទេវី បានយកដុំឈើនោះទៅច្របាច់ទឹកដាក់ទៅក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ នាងរកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះបានជានាងអារក្ខទេវីត្រូវតាបសសំគាល់ថា ប៉ិនប្រសប់ជាងបិសាច ។
តាបសជប់ទឹកសន្សើមនោះកើតទៅជាកែវ ហើយប្រគល់ទៅឱ្យនាងមេខលា ដោយប្រាប់ថា " កែវនេះមានគុណភាពខ្លាំងពូកែណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេច សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះកាត់អាកាសពពក ជ្រកអាចម៍ជន្លេន ទៅកាន់កន្លែងណាក៏បានទាំងអស់ " ។
នាងអារក្ខទេវីក៏ទទួលយកកែវនោះមក លើកគ្រវីឡើងលើ ស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរ ។
ចំណែកឯអាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសី ៗ ពោលថា "ចៅឯង យករបស់នេះ មកយឺតយូរពេកហួសពេលតាត្រូវការ ឥឡូវតាបានឱ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តាអាចជប់វត្ថុបែបនេះកើត បានតែមួយដងគត់ទេ " ។
កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ពេកប្រមាណ ហើយក៏ស្រែកយំអណ្ដឺតអណ្ដកយ៉ាងខ្លាំង ។
ដើម្បីលួងចិត្តបិសាចតាបសក៏ប្រាប់ថា "ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឱ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀង នៅពេលដែលមានភ្លៀងម្ដង ៗ ចូរអ្នកចោលពូថៅនោះទៅលើវានឹង បោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែបើនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវា " ។
កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមយកកែវមនោហរា ប៉ុន្តែបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំងនៃកែវមានសិល្បភ្លាម បិសាចក៏បិទភ្នែកជិតរួច គ្រវែងអាវុធវាទៅ អាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងអារក្ខទេវី ។
ចាប់តាំងពីពេលនោះមក ទើបនៅពេលមានភ្លៀងផ្គរ គេឃើញចាំងពន្លឺកែវហើយឮសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះ ។
អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរឱ្យឈ្មោះដុំថ្មទាំងឡាយ ណាដែលមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា " កាំរន្ទះ " ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី ។
រឿង ដើមកំណើតសត្វមូស

នៅក្នុងបឋមកប្ប ព្រះឥសូរជាអ្នកបង្កើតលោក មានបង្កើតទាំងសត្វគ្រប់យ៉ាង នៅលើផែនដីជាដើម គឺទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់ ។ សម័យនោះ សត្វមូសមានខ្លួនធំៗ ជាងសត្វត្មាតទៅទៀត ហើយវាតែងហើរជាច្រើនឥតឈប់ឈរ ស្វែងរកស៊ីមនុស្សលោកជាអាហារ មនុស្សណាដែលត្រូវជាចំណីសត្វមូស គេឃើញនៅសល់តែរាងឆ្អឹង គ្មានសាច់ឈាមឡើយ ។
មនុស្សម្នាមហាជនមានសេចក្ដីតក់ស្លុតជាក្រៃលែង តែគ្មាននរណាម្នាក់ រកមធ្យោបាយការពារសត្វមូសបានឡើយ ក៏ដាក់វេនគ្នាឱ្យមូសស៊ីរៀងរាល់យប់ ។ ចាប់តាំងពីថ្ងៃនោះមក ជនដែលដឹងថា វេនខ្លួនជិតមកដល់ហើយក៏យំសោកបោកខ្លួនបោកប្រាណ ។
គាប់ជួនជាពេលនោះ មានកូនក្រមុំសេដ្ឋីម្នាក់ប្រកបដោយបញ្ញាវាងវៃ នាងអាណិតអាសូរអ្នកស្រុកដែលបានដាក់វេនគ្នាទៅឱ្យសត្វមូសស៊ីនោះក្រៃពេក នាងគិតក្នុងចិត្តថា បើអញមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់ដោយឥតរើសមុខទេ អ្នកទាំងអស់នោះប្រាកដជាគេចពីចំណីមូសពុំបាន ហើយតទៅប្រាកដជាគ្មានមនុស្សរស់នៅទៀតឡើយ ។ កាលបើបាននឹកឃើញយ៉ាងនេះ នាងកញ្ញាក៏ចូលទៅជួបនឹងឪពុកម្ដាយនិយាយថា " ខ្ញុំចង់ទៅឱ្យមូសស៊ីជាមួយនឹងជនឯទៀតដែរ " ។
កាលបើឮសេចក្ដីស្នើដូច្នេះ ឪពុកម្ដាយរបស់យុវតី ក៏កើតទោសៈជាខ្លាំង គាត់ឆ្លើយមកកាន់ យុវតីវិញថា "ហេតុម្ដេចបានជាកូនឯងភ្លើឆ្កួតដូច្នោះ ? មនុស្សក្នុងនគរនេះ គេមានតែពីគេចរត់ឱ្យផុតពីសេចក្ដីស្លាប់ ចុះកូនឯងម្ដេចក៏ល្ងើពកថ្ងាសទៅជាចង់ទៅងាប់វិញ" ។ ទោះបីឪពុកម្ដាយថាដូច្នោះ ក៏យុវតីមិនព្រមឈប់ សុំអង្វរឪពុកម្ដាយទៅឱ្យមូសស៊ីនោះឡើយ ។ ឪពុកម្ដាយកាលបើឃើញកូនស្រីខ្លួន នៅតែរឹងចចេសមិនព្រមស្ដាប់ដំបូន្មានគាត់សោះដូច្នោះ ក៏កើតទោសៈឆួលឆេះឥតឧបមាទើបនិយាយថា "អើឥឡូវបើឯងចង់ងាប់ មិនព្រមស្ដាប់អញ ទៅ ទៅឱ្យបាត់ពីមុខមាត់អញទៅ " ។
នាងកញ្ញាកូនសេដ្ឋីឮដូច្នោះ ក៏ពោរពេញទៅដោយសេចក្ដីសប្បាយ ហើយដើរសំដៅទៅកន្លែងដែលមនុស្សត្រូវទៅនៅឱ្យមូសស៊ី ។ ហើយនិយាយថា "បើអ្នករាល់គ្នាចង់គេចឱ្យ រួចពីសេចក្ដីស្លាប់ចូរអ្នកធ្វើតាមខ្ញុំ ៗ នឹងបង្គាប់ឱ្យធ្វើ នោះអ្នកប្រាកដជាគេចរួចពីសេចក្ដីស្លាប់ពុំខាន គឺត្រូវអ្នកទាំងអស់គ្នាទៅរកប្រមូល ស្លឹកឈើងាប់ៗ ស្ងួតៗ ឱ្យបានច្រើនយកមកទីនេះ ហើយកាលបើសត្វមូសវាហើរជិតយើង ៗ ត្រូវដុតភ្លើងឱ្យឆេះហុយផ្សែងនៅជុំវិញយើង ហើយយើងបបួលគ្នាទៅក្នុងរង្វង់កណ្ដាលភ្លើងនោះ ធ្វើដូច្នេះ សត្វមូសមិនហ៊ានហើរឆ្លងភ្លើងផ្សែងមកស៊ីយើងទេ " ។
មនុស្សទាំងឡាយយល់នូវបំណងនៃនាងកញ្ញា ហើយក៏ព្រមធ្វើតាមនាងទាំងអស់ ។ លុះវេលាយប់ ពួកសត្វមូសក៏មកដល់តាមទម្លាប់ដើម្បីស៊ីមនុស្ស ។ នៅពេលនោះពួកអ្នកស្រុកក៏ដុតភ្លើងឆេះសន្ធោសន្ធៅឡើង មិនឱ្យរលត់តាមបង្គាប់បុត្រីសេដ្ឋី ។ សត្វមូសឃើញដូច្នោះពុំហ៊ានហើរឆ្លង កាត់ភ្លើងផ្សែងទៅខាំស៊ីមនុស្សឡើយ ហើយវាក៏ប្រមូលគ្នីគ្នាមកកកកុញជំនុំគ្នាថា "បើយើងនៅតែមានខ្លួនធំដូច្នេះតទៅទៀត នោះយើងប្រាកដជាខាំមនុស្សលោកស៊ីពុំបាន ពីព្រោះកាលណាគេដុតភ្លើងឱ្យឆេះឡើងដូច្នោះ យើងពុំអាចចូល ទៅជិតគេបានឡើយ អាស្រ័យហេតុនេះ ចូរយើងចូលទៅទូលព្រះឥសូរដែលជាអ្នកបង្កើតយើងមក សូមឱ្យព្រះអង្គធ្វើខ្លួនយើងឱ្យទៅជាតូចៗវិញ ប្រយោជន៍យើងនឹងស្រួលលបឆ្មក់ខាំមនុស្សបាន កុំឱ្យមនុស្សលោកមើលយើងឃើញ បើដូច្នោះឃើញថាស្រួលជាង " ។ បន្ទាប់មកពួកមូស ក៏មូលមតិគ្នាហើរទៅកាន់ស្ថានសួគ៌ គោរពវន្ទាព្រះឥសូរ រួចហើយវាក៏សុំព្រះឥសូរ ឱ្យធ្វើខ្លួនវាទៅជាតូច ៗ ល្អិត ៗ សមទៅតាមបំណងរបស់វា ។ នៅពេលនោះ ព្រះឥសូរក៏ធ្វើខ្លួនសត្វមូសឱ្យតូចៗដូចជាសត្វមូសសព្វថ្ងៃនេះ ។ កាលបើបានខ្លួន តូចដូចបំណងហើយ សត្វមូសក៏ថ្លែងអំណរគុណព្រះឥសូររួចលាព្រះអង្គត្រឡប់មកស្ថានមនុស្សលោកវិញ ហើយវាក៏ហើយត្រេចពីភូមិទៅភូមិមួយស្វែងរកខាំមនុស្សលោក ។ ប៉ុន្តែមនុស្សលោកចេះតែយកដៃទះ វាស្លាប់អស់ខ្លះក៏នៅរស់តែបាក់ស្លាបបាក់ជើង ។ ដូច្នេះមនុស្សលោកក៏បានធូរចិត្តហើយមានសេចក្ដីសប្បាយច្រើនលើសមុន ។ ពួកមូសក៏ប្រជុំគ្នាសាជាថ្មីទៀតថា "ឥឡូវមនុស្សលោកគេធ្វើបាបយើងខ្លាំងណាស់ គេទះគេវាយយើងហើយគេនឹងសម្លាប់យើងឱ្យអស់ពូជ យើងពុំអាចខាំមនុស្សលោកបានទៀតឡើយ ហេតុដូច្នេះ ត្រូវយើងនាំគ្នាទៅរកព្រះឥសូរម្ដងទៀត ដើម្បីសុំព្រះអង្គធ្វើមាត់យើងឱ្យស្រួចៗ ដូចម្ជុលដើម្បីយើងអាចខាំមនុស្សលោកបានឆាប់រហ័ស កុំឱ្យមនុស្សលោកដឹងថាយើងខាំគេ" ។
កាលជំនុំបានមូលមតិជាឯកច្ឆន្ទ ទើបសត្វមូសបបួលគ្នាហើយទៅកាន់ស្ថានសួគ៌ លុះទៅដល់ ក្រោយពីបានគំនាបគាប់គួរព្រះឥសូរហើយ សត្វមូសក៏ទូលសុំព្រះឥសូរ ឱ្យធ្វើមាត់ខ្លួនឱ្យតូចៗ ដើម្បីស្រួលខាំមនុស្សលោក ។ ព្រះឥសូរក៏ទ្រង់ឆ្លើយតបមកវិញថា "នែមូស ! មាត់ដែលយើងបានធ្វើឱ្យអ្នកឯងនេះវាស្រួចល្មមណាស់ទៅហើយ ប៉ុន្តែបើអ្នកឯងចង់ខាំមនុស្សលោកឱ្យបានរហ័សហើយមុតទៀតនោះ ចូរអ្នកឯងទៅរកព្រនង់មួយៗម្នាក់ ដើម្បីជួយសំពងពីលើថែមទៀត ប៉ុន្តែចូរអ្នកដឹងថាមនុស្សលោកគេមានព្រនង់នេះស្រេចហើយ ដូច្នេះចូរអ្នកត្រឡប់ទៅវិញចុះ " ។
ពួកមូសក៏ហើរត្រឡប់មកស្ថានមនុស្សលោកវិញ ហើយវាហើរត្រេចរកខាំមនុស្សលោកទាំងយប់ថ្ងៃ នៅត្រង់ចន្លោះកៀនកោះ គ្រប់នគរដោយយកស្លាបធ្វើជាអន្លូងក្បាលស្វា ហើយវាវាយមនុស្សលោកដោយហើរខាំយ៉ាងរហ័សបំផុត ដូចព្រះឥសូរបានបង្គាប់វា ។
No comments:
Post a Comment